ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ទំនាស់វិវាទរឿងដីបញ្ចុះស.ព… រវាងម្ចាស់ដីបច្ចុប្បន្ននិងម្ចាស់ដីបញ្ចុះស.ពទាំង៣៦ផ្នូរ

ខេត្តកំពត ៖ ដីបញ្ចុះស.ពមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃក្រាំងខាងត្បូង ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត បានកើតជាជម្លោះរឿងដីព្រៃកន្លែងបញ្ជុះស.ព និងកន្លែងបូជាស.ព ដែលកើតមានរវាងប្រជាពលរដ្ឋមួយគ្រួសារ និងប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត នៅក្នុងភូមិព្រៃក្រាំងឃុំមានរិទ្ធ ស្រុកដងទង់ បន្ទាប់ពីឈ្មោះ ឯក ម៉ូវ ភេទស្រី អាយុ៥៨ឆ្នាំ និងបុរសជាប្ដីឈ្មោះ ញ៉ែត រ៉ាត់ នៅភូមិព្រៃក្រាំង បានទទួលប្លង់កម្មសិទ្ធិដីបញ្ចុះស.ព ដែលអ្នកភូមិស្គាល់ច្បាស់ថា ជាដីព្រៃខ្មោចនោះភ្លាម អ្នកស្រុកក៏ផ្ទុះការតវ៉ាជំទាស់តែម្ដងទៅ។

ហើយការតវ៉ារបស់អ្នកស្រុកទាមទារដីសម្រាប់បញ្ចុះស.ពខាងលើនេះ យកមករក្សាទុកបញ្ចុះស.ពអ្នកភូមិបន្តទៀត ទោះបីពាក្យបណ្ដឹងដល់ដៃតុលាការក៏ដោយចុះ។

បើតាមស្ត្រីចំណាស់ម្នាក់ឈ្មោះ ឃឹម សារី អាយុ៦៦ឆ្នាំ ដែលស្គាល់សាវតាដីកន្លែងបញ្ជុះស.ពនោះច្បាស់ បាននិយាយកាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២នេះថា ដីព្រៃកន្លែងបញ្ចុះស.ពនេះ មានទំហំ៥០ម៉ែត្រគុណ៦០ម៉ែត្រ។

ស្ត្រីរូបនេះបាននិយាយបន្តថា ប្រជាពលរដ្ឋជាទូទៅស្គាល់ច្បាស់កន្លែងដីបញ្ចុះស.ពនេះថា ជាដីព្រៃខ្មោច ព្រោះនៅកន្លែងដីព្រៃខ្មោចនោះ មានបញ្ចុះស.ពចំនួន៣៦នាក់។ ស្ត្រីចំណាស់ដដែលនិយាយថា មិនត្រឹមតែបញ្ចុះស.ពប្រជាពលរដ្ឋខ្មែរទេ គឺមានទាំងស.ពទាហានវៀតណាម ក៏មានបញ្ចុះនៅទីនោះដែរ ប៉ុន្តែខាងវៀតណាមបានគាស់ឡើងអស់ហើយ។

ស្ត្រីចំណាស់តំណាងអោយអ្នកភូមិក្រាំង បាននិយាយទៀតថា ប្រជាពលរដ្ឋបានធ្វើការតវ៉ាខ្លាំងណាស់ មិនអោយគ្រួសារដែលអះអាងថាមានប្លង់យកដីព្រៃខ្មោចនោះ ទៅភ្ជួរដីលើដីស.ពនោះទេ ប៉ុន្តែលួចយកត្រាក់ទ័រភ្ជួរនៅពេលយប់។ ស្ត្រីចំណាស់រូបនោះនិយាយថា ភ្ជួរលុប រហូតផ្នូរស.ពនៅតែផ្នូរស.ពមួយតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋសុំណូមពរអោយឯកឧត្តមអភិបាលជួយដោះស្រាយយកដីបញ្ចុះស.ពនេះមកវិញផង។

ចំណែកប្រជាពលរដ្ឋឈ្មោះ ឯក ម៉ូវ និងបុរសជាប្ដីឈ្មោះ ញ៉ែត រ៉ាត់ បាននិយាយដែរថា ប្លង់ដីនៅកន្លែងព្រៃខ្មោចនេះ គាត់ជាម្ចាស់កម្មសិទ្ធិ មានប្លង់កាន់កា.ប់ក្នុងឆ្នាំ២០១៦ ។ ម្ចាស់កម្មសិទ្ធិកាន់កា.ប់ដីបញ្ចុះស.ពនេះបាននិយាយបន្តថា អ្នកកាន់កា.ប់ដីព្រៃខ្មោចផ្សេងទៀត មិនរករឿង មករករឿងតែដីគាត់។

ទាក់ទងនឹងដីបញ្ចុះស.ពនៅភូមិព្រៃក្រាំងនេះដែរ ឯកឧត្តមអភិបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ បានថ្លែងអោយដឹងជាសាធារណៈមួយនៅក្នុងពិធីប្រកាសផ្សព្វផ្សាយវិនិច្ឆ័យដីធ្លីនៅស្រុកបន្ទាយមាស ថា រឿងដីបញ្ចុះស.ពទាំង៣៦នាក់ពិបាកនឹងដោះស្រាយ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា ទោះបីជា មានប្លង់រឹង ប្លង់ទន់អីក៏ដោយ លោកត្រូវតែដោះស្រាយជូនប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលបញ្ជាក់ថា ម្ចាស់ដីពិតប្រាកដនោះ គឺស.ពទាំង៣៦នាក់នេះឯង ព្រោះស.ពទាំងនោះដេកចាំដីនោះយូរហើយ៕

 

 

Picture
Picture

 

nmr