ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ឯកឧត្តមអភិបាលខេត្តកំពត ប្រជាពលរដ្ឋមកអង្វករជូយធ្វើអន្តរាគមន៍ ករណីចោរលួចគោ និងគេលួចធ្វើប្លង់ដី

ខេត្តកំពត៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆាំ្ន២០២២ បានអញ្ជើញចូលរួមប្រកាសបិទផ្សាយទិន្នន័យ ជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដែលមានលក្ខណៈ ជាប្រព័ន្ធ នៅភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស។

ក្នុងការប្រកាសនោះ ក៏មានលោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដីខេត្តកំពត រួមទាំងអាជ្ញាធរស្រុកបន្ទាយមាស និងប្រជាពលរដ្ឋ ក្នុងភូមិទូកមាស ចំនួនជាង ២០០គ្រួសារ។

បន្ទាប់ពីបានចប់កម្មពិធីប្រកាសបិទផ្សាយទិន្ន័យដីធ្លីរួចមក ក៏មានប្រជាពលរដ្ឋ មកពីភូមិដើមចំរៀក ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស បានស្កាត់ជួបឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត។ ប្រជាពលរដ្ឋពីរនាក់បងប្អូន បានបង្ហាញឯកសារមួយចំនួន ជូនឯកឧត្តមអភិបាលខេត្តថា ដីរបស់ឪពុកខ្លួន ត្រូវបានលក់អោយទៅគេរួចហើយ។ ដោយឡែកដីរបស់ខ្លួន ត្រូវបានគេវាស់ និងធ្វើប្លង់យកទៅបាត់ហើយ។ ដូច្នេះបងប្អូនទាំងពីរនាក់ សូមអោយលោកអុំអភិបាលខេត្ត ជួយផង។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ក៏បានប្រាប់ទៅលោក មាស តុ ប្រធានការិយាល័យរៀបចំដែនដី ស្រុកបន្ទាយមាស អោយចុះពិនិត្យ និងវាស់វែងសាជាថ្មី។ បើដីចំណែកឪពុក លក់អោយគេប៉ុន្មាន គឺវាស់អោយទៅអ្នកទិញតែត្រឹមណឹងទៅ វាចប់ហើយ។

ឯកឧត្តម ម៉ៅ ធនិន បានប្រាប់អោយប្រធានការិយាល័យរៀបចំដែនដី អោយស្រាវជ្រាវសាវដី ដែលគេលួចធ្វើប្លង់យកនោះ អោយបានច្បាស់លាស់ផងដែរ។

ប្រជាពលរដ្ឋម្នាក់ទៀត ឈ្មោះ ស ភា ភេទប្រុស អាយុ ៥៤ឆ្នាំ នៅភូមិអង្គខ្ជាយ ឃុំដានគោម ស្រុកអង្គជ័យ និយាយប្រាប់ឯកឧត្តមអភិបាលខេត្តថា នៅភូមិអង្គខ្ជាយ មានចោលួចគោមេចំនួន ២ក្បាល ហើយអ្នកលួចគោនោះ គឺរស់នៅក្នុងភូមិជាមួយគ្នាដែរ។ អ្នកនោះ បានលួចដឹកគោរបស់គាត់ យកទៅលក់ទាំងថ្ងៃតែម្ដង។

ឈ្មោះ ស ភា និយាយថា មូលហេតុ មកប្ដឹងឯកឧត្តមអភិបាលខេត្ត មកពីមេដឹកភូមិឃុំ ដឹងឮហើយ តែយឺតយ៉ាវ មិនបានចាត់ការ តាមផ្លូវច្បាប់ លើអ្នកលួចគោនោះឡើយ។

រឿងនេះ ឯកឧត្តមអភិបាលខេត្ត សន្យាថា នឹងចាត់ការអោយបានឆាប់បំផុត ក្នុងករណីចោរលួចគោនេះ។

ឈ្មោះ ស ភា ដែលបានចេញមុខប្ដឹងឯកឧត្តមអភិបាលខេត្តកំពត រឿងករណីចោរលួចគោ បាននិយាយថា អ្នកលួចគោរូបនោះ បានចេញមុខមកមកធានាសង់លុយ ទៅម្ចាស់គោវិញហើយ ដោយគិតជាទឹកប្រាក់ចំនួនជាង ១២លានរៀល ដើម្បីបញ្ចប់រឿង។ តែខ្លួន ជាម្ចាស់គោ មិនទាន់ទទួលបានលុយនោះទេ ហើយក៏ចង់ឱ្យច្បាប់ចាត់ការលើជនកំហូចនោះផងដែរ។

រីឯប្រជាពលរដ្ឋ នៅភូមិអង្គខ្ជាយ ឃុំដានគោម និយាយស្ទើរតែគ្រប់មាត់ថា គួរធ្វើតាមផ្លូវច្បាប់ ទើបត្រឹមត្រូវជាង ព្រោះបើទុកជនសង្ស័យរូបនោះ គឺប្រជាពលរដ្ឋ រស់នៅមិនបានសុខទេ។ បើមិនដាក់ទោសលើជននោះទេ ថ្ងៃក្រោយពិតជាមិនរាងចាលឡើយ៕

Picture
Picture
Picture
Picture
nmr