ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋ រស់នៅភូមិត្រពាំងថ្លឹងដឹកនាំដោយមេភូមិស្នើរ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះវាស់វែងដីមួយកន្លែងជាសម្បត្តិរួមដីទូលអ្នកតារ៉ាញក្រោយពីមានការប៉ុនប៉ង រំលោភយកធ្វើជាកម្មសិទ្ធិឯកជន

ភ្នំពេញ៖ ដីទួលអ្នកតារ៉ាញ ដែលជាទីគោរពសក្ការៈ របស់ប្រជាពលរដ្ឋ នៅក្នុងភូមិ ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ បានចុះទៅវាស់វែង កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ដើម្បី កំណត់ទំហំ ឱ្យបានច្បាស់លាស់ ទុកអភិវឌ្ឍន៍ ធ្វើជាសាលាបុណ្យ ដែលជាប្រយោជន៍ សាធារណៈ ក្រោយពីមានការប៉ុនប៉ង រំលោភយកធ្វើជាកម្មសិទ្ធិឯកជន ។

ដីរួមនោះ ត្រូវបានប្រជាពលរដ្ឋ ឱ្យដឹងថា មានទំហំប្រមាណជិត ២ ពាន់ម៉ែត្រការ៉េ ស្ថិតនៅ ភូមិត្រពាំងថ្លឹងទី២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ការចុះទៅវាស់វែងដីរួម សម្រាប់ធ្វើបុណ្យនេះ ធ្វើឡើងទៅតាមសំណើសុំអន្តរាគមន៍ របស់ មេភូមិ និងប្រជាពលរដ្ឋ រស់នៅភូមិត្រពាំងថ្លឹង ១,២,៣,៤ សង្កាត់ចោមចៅទី១ បន្ទាប់ ពីដីរួមនោះ មានអ្នកដែលមើលថែទាំ កាប់រានដើមឈើ ប៉ុនប៉ងធ្វើប្លង់រំលោភយក ធ្វើជាកម្មសិទ្ធិបុគ្គល។

តាមពាក្យស្នើសុំអន្តរាគមន៍របស់ ប្រជាពលរដ្ឋដែលមានស្នាមមេដៃ ចំនួន ១៤នាក់ បានឱ្យដឹង ថា ទីតាំងដីទួលអ្នកតារ៉ាញ ជាទីតាំងមួយ ដែលប្រជាពលរដ្ឋ ក្នុងសង្កាត់ចោមចៅទី១ តែងតែគោរពបូជានៅទីនោះ ពេលមានពិធីបុណ្យផ្សេងៗ។ ដូច្នេះ យើងខ្ញុំទាំងអស់គ្នា ជាមេភូមិ និងប្រជាពលរដ្ឋដែលរស់នៅ ក្នុងភូមិត្រពាំងថ្លឹង១,២,៣,៤ សង្កាត់ចោមចៅទី១ សំណូមពរ ដល់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ មេត្តាចាត់ក្រុមការងារចុះវាស់វែង និងពិនិត្យផ្ទៀងផ្ទាត់ លើទីតាំងដីទួលអ្នកតា នេះ។ បន្ទាប់ពីមានការស្នើសុំ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ទើបអាជ្ញាធរខណ្ឌ រួមទាំងមន្ត្រីជំនាញ ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានចុះទៅវាស់វែង នៅពេលនេះ ។ ទោះបីជាយ៉ាងណា គេពុំទាន់ដឹងថា ដីរួមនោះ មានទំហំប៉ុន្មានពិតប្រាកដឡើយ ។

តាមប្រជាពលរដ្ឋ បានឱ្យដឹងថា ដីនោះ ជាដីទួលរួម មានខ្ទមអ្នកតារ៉ាញ ដែលប្រជាពលរដ្ឋ គោរពបូជា តាំងពីសង្គមចាស់ មកម្ល៉េះ ដោយមានអ្នកភូមិ បីនាក់ ជាអ្នកមើលថែ បោសសំអាតទីទួល ខ្ទមអ្នកតា រ៉ាញ ។ ដើមឡើយ ដីនោះ មានដើមឈើធំៗ នៅកំឡុងឆ្នាំ ២០០០ អ្នកមើលថែម្នាក់ ក៏បាននាំគ្នា កាប់ដើមឈើរានព្រៃ គោលបំណងប្រុងយកធ្វើជា កម្មសិទ្ធិផ្ទាល់ខ្លួន ហើយប្រជាពលរដ្ឋ បាននាំគ្នាតវ៉ា រារាំង ព្រោះដីនោះជាដីរួម ។
ដោយសារមានការប៉ុនប៉ងរំលោភ ដីរួមនោះ ធ្វើជាកម្មសិទ្ធិ រួចមក មេភូមិ ប្រជាពលរដ្ឋ បាននាំគ្នាផ្តិតមេដៃ ស្នើសុំទៅរដ្ឋបាលខណ្ឌពោធិ៍សែន ចុះមកវាស់វែង ទុកជាសម្បត្តិ សាធារណៈ។

តាមប្រជាពលរដ្ឋ បានឱ្យដឹងទៀតថា ដីរួមនេះ គ្មាននរណាម្នាក់ មករំលោភយក បាននោះទេ។ ការចុះវាស់វែងនេះ ក្នុងគោលបំណង កំណត់ទំហំឱ្យបានច្បាស់ ដើម្បីធ្វើការអភិវឌ្ឍន៍ ឈូសឆាយឱ្យបានស្អាត ទុកធ្វើជាសាលាបុណ្យ (សាលាឆទាន) និងសង់រោងលោកតា សម្រាប់គោរពបូជា ទុកជាប្រយោជន៍សាលាធារណៈ ។

ក្រៅពីដីរួម ទួលអ្នកតារ៉ាញនេះ អាជ្ញាធរ ក៏បានចុះទៅវាស់វែងដីរួម មួយកន្លែងទៀត នៅក្នុង សង្កាត់ខាងលើនេះ ដែលមានទំហំប្រមាណ ១២ ម៉ែត្រ គុណ ៣០ម៉ែត្រ ផងដែរ៕

     

nmr