ភ្នំពេញ៖ កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ រួចបានបញ្ជូនទៅកាន់សាលាដំដូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមរយៈការបង្ហោះ Facebook ដោយផ្ដល់សេវាកម្មទទួលស៊ីឈ្នួលសម្លាប់មនុស្ស។ ជនសង្ស័យមានឈ្មោះ វុធ សុម៉ាណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅរាជធានីភ្នំពេញ។ ការឃាត់ខ្លួនជននេះបានធ្វើឡើងបន្ទាប់ពីរូបគេបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ ម៉ាណា ប្រទេពស៊ីន បានដាក់ Intro ថា «មានទទួលកុម្មង់សម្លាប់មនុស្ស the wing of a devil» និងបានបង្ហោះខ្លឹមសារថា «បាញ់លេងសោះងាប់មែនទែន» និងបង្ហោះលក់ប៊ិកកាំភ្លើង។ ក្នុងប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង នាយឧត្តមសេនីយ៍ ឆៃ សុីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ។ លោកឧត្តមសេនីយ៍ឯក ជា ពៅ បានបញ្ជាក់ថា ប្រតិបត្តិការនេះកម្លាំងជំនាញ បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះវុធ សុម៉ាណានេះ ។ បច្ចុប្បន្នជនជាប់ចោទត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន៕
បាតុភូតព្រះអាទិត្យរះ ចំកណ្តាលកំពូលប្រាសាទអង្គរវត្តកម្ពុជា (EQUINOX) កើតឡើងជារៀងរាល់ឆ្នាំចំនួន២លើក នៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ចាប់ពីម៉ោង ៥:៣០នាទីព្រឹក ដល់ម៉ោង ៧:០០នាទីព្រឹក និងខែកញ្ញា។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ស្តែងឲ្យឃើញពីអច្ឆរិយភាពនៃប្រាសាទអង្គរវត្ត ដែល បុព្វបុរសខ្មែរយើងបានកសាងឡើងដោយមានការគិតគូរអំពីស្ថាបត្យកម្ម និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិរវាង ផែនដី និងព្រះអាទិត្យ យ៉ាងច្បាស់លាស់គួរស្ញប់ស្ញែងជាទីបំផុត។ សូម សមាគមទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទូទៅចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ដៃគូពាក់ព័ន្ធ និងអញ្ជើញ ទៅទស្សនា ផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដែលជាផ្នែកមួយនៃយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” ក្រោមពាក្យស្លោក “គ្រប់ថ្ងៃគឺជាអច្ឆរិយភាព”៕
នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ អានីល ចូហាន (Anil Chauhan) អគ្គមេបញ្ជាការកងទ័ពនៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទនៅរដ្ឋធានីញូវដែលី សាធារណរដ្ឋឥណ្ឌា។ ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូន នាយឧត្តមសេនីយ៍ អានីល ចូហាន អំពីការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងបានរាយការណ៍អំពីលទ្ធផល និងទិសដៅកិច្ចសហប្រតិបត្តិការដែលកងទ័ពជើងគោកទាំងពីរបានឯកភាពគ្នា ដោយរួមមានទាំងការយកចិត្តទុកដាក់ជំរុញអនុវត្តឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (TOR) ដែលទើបត្រូវបានចុះហត្ថលេខារួច ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ជាការឆ្លើយតប អគ្គមេបញ្ជាការកងទ័ពឥណ្ឌា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរួមរបស់កងទ័ពជើងគោកទាំងពីរ ក្នុងការពង្រឹងចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការឱ្យមានលក្ខណៈផ្លូវការរឹងមាំលើមូលដ្ឋាននៃឯកសារ TOR និងបានបង្ហាញនូវការគាំទ្រលើទិសដៅសហប្រតិបត្តិការនានាដែលកងទ័ពជើងគោកទាំងពីរបានឯកភាពគ្នាសម្រាប់ពេលបន្តខាងមុខ។