ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ប្រធាន ស.ស.យ.ក ថ្លែងថា លោករំពឹងថា ទៅថ្ងៃអនាគត យុវជននឹងចូលរួមជួយកិច្ចការសង្គមដោយមិនចាំបាច់មានការចាត់តាំង

ភ្នំពេញ ៖ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បានជួបសំណេះសំណាលជាមួយគណៈកម្មាធិការឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ។ ក្នុងពិធីនោះ លោកបានថ្លែងថា អំឡុង នៃការផ្ទុះរាលដាល ជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២០ ឯកឧត្ដមក៏ដូចជាសមាជិក សហភាពសហព័ន្ធយុវជនកម្ពុជា បានរួមចំណែកជាបន្តបន្ទាប់ផងដែរ ក្នុងការជួយដល់ប្រជាជន ហើយមិនមែនក្នុងការផ្ទុះរាលដាលជំងឺសកលនេះទេ ពោលគ្រោះធម្មជាតិផ្សេងៗ ស.ស.យ.ក គឺបានរួមចំណែកយ៉ាងសកម្មផងដែរ។
ឆ្លៀតក្នុងឱកាសនេះឯកឧត្ដម បានរំលឹកអំពីសំណួររបស់យុវជនដែលបានសួរឯកឧត្ដម ពីក្ដីរំពឹងរបស់ឯកឧត្ដម អំពីដំណើរវិវឌ្ឍន៍ទៅថ្ងៃខាងមុខរបស់ សហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។ ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍ថា នៅពេលនេះសហភាពកំពុងតែបន្តបណ្ដុះស្មារតីយុវជនឲ្យបង្កើនការចូលរួមជួយក្នុងកិច្ចការសង្គម ហើយតាមរយៈការបណ្ដុះស្មារតីនេះឯកឧត្ដមសង្ឃឹមថា ទៅថ្ងៃអនាគតយុវជន នឹងមានស្មារតីចូលរួមជួយកិច្ចការសង្គមគ្រប់ទីកន្លែងដោយមិនចាំបាច់មានការចាត់តាំង ឬក៏ណែនាំពីថ្នាក់ដឹកនាំ។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. មានប្រសាសន៍ទៀតថា មកទល់និងសព្វថ្ងៃនេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានក្លាយជាសេនាធិការ និងជាដៃគូគ្រប់ជ្រុងជ្រោយដ៏ស្មោះត្រង់ជាមួយរដ្ឋបាល និងអាជ្ញាធរដែនដី ព្រមទាំងជាមួយស្ថាប័ននានាទាំងក្នុង និងក្រៅប្រទេស។ ឯកឧត្ដម ហ៊ុន ម៉ានី សង្កត់ធ្ងន់ថា សហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. បានបណ្តុះទម្លាប់នៃការកសាងអំពើល្អក្នុងសង្គម ដែលជាបេសកកម្មរបស់យើងចាប់តាំងពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៧៨៕
nmr