ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

អាជ្ញាធរស្រុកបរិបូណ៌ចុះទៅណែនាំដល់អ្នកចិញ្ចឹមក្រពើនៅឃុំឆ្នុកទ្រូ​ឱ្យព័ទ្ធរបាំងលួសសំណាញ់ដើម្បីការពារសត្វក្រពើចេញពីអាង

អាជ្ញាធរស្រុកបរិបូណ៌ និងមន្ត្រីជំនាញនៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ​ បានចុះទៅណែនាំដល់អ្នកចិញ្ចឹមក្រពើនៅក្នុងឃុំឆ្នុកទ្រូ​ ខេត្តកំពង់ឆ្នាំង​ ឱ្យព័ទ្ធរបាំងលួសសំណាញ់ដើម្បីការពារសត្វក្រពើចេញពីអាង ខណៈជំនន់ទឹកភ្លៀងបានហក់ឡេីងជារៀងរាល់ថ្ងៃ។
អភិបាលរងស្រុកបរិបូរណ៍លោក ផល សុភាព​ បានឱ្យដឹងថា​ ដោយទទួលដំណឹងថាអាងចិញ្ចឹមក្រពើចំនួន២កន្លែង ប្រឈមនឹងសត្វក្រពើរួចចេញ ព្រោះតែទឹកទន្លេជន់ឡើង លោកក៏បានដឹកនាំមន្ត្រីជំនាញនិងសមត្ថកិច្ចចុះទៅណែនាំដល់ម្ចាស់អាងចិញ្ចឹមក្រពើ ត្រូវយករបាំងលួសសំណាញ់ព័ទ្ធបន្ថែមពីលើ របាំងសាច់អួន ដែលម្ចាស់អាងចញ្ចឹមក្រពើ ព័ទ្ធពីមុនដើម្បីឲ្យមានសុវត្ថិភាព កុំឲ្យសត្វក្រពើចេញពីអាង។ម្យ៉ាងដោយសារក្រពើមានទំហំធំៗ ព្រោះការចិញ្ចឹមបានច្រើនឆ្នាំណាស់ទៅហើយ។ ហេីយបានណែនាំដល់ម្ចាស់អាងក្រពើឱ្យ មើលការពារប្រុងប្រយ័ត្នកុំឲ្យក្រពើរួចចេញពីអាងចិញ្ចឹមផងដែរ។
គួរបញ្ជាក់ថា​ ក្នុងឃុំឆ្នុកទ្រូ មានកន្លែងចិញ្ចឹមក្រពើចំនួន ៩កន្លែងប៉ុន្តែ២កន្លែងបានប្រឈមនិងគ្រោះថ្នាក់បើក្រពើរួចចេញពីអាង និង ៦កន្លែងទៀតទឹកលិចមិនទាន់ដល់ទេ៕
nmr