ភ្នំពេញ ៖ អ្នកផ្ទុកមេរោគអេដស៍ចំនួន ១០គ្រួសារ ទទួលបានការលើកទឹកចិត្ត និងអំណោយមនុស្សធម៌ជួយសម្រាលការលំបាកពីសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខា។ ឆ្លៀតក្នុងដំណើរបេសកកម្មនៅខេត្តស្វាយរៀង នៅព្រឹកថ្ងៃអាទិត្យ ទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខា រួមជាមួយសហការី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខា បានជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ ជូនដល់អ្នកផ្ទុកមេរោគអេដស៍ចំនួន ១០គ្រួសារ រស់នៅភូមិចំនួន៩ ឃុំ/សង្កាត់ចំនួន៤ នៃក្រុងស្វាយរៀង និងស្រុកស្វាយទាប ខេត្តស្វាយរៀង។
ក្នុងឱកាសនោះ លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ និងសូមផ្តាំផ្ញើដល់បងប្អូនសូមបន្តលេបឱសថប្រឆាំងមេរោគអេដស៍ឱ្យជាប់លាប់ ព្រោះថាប្រសិទ្ធភាពនៃឱសថប្រឆាំងមេរោគអេដស៍ធ្វើឱ្យកម្រិតមេរោគអេដស៍នៅក្នុងខ្លួនរបស់បងប្អូនមិនអាចធ្វើស្តឃើញ និងទប់ស្កាត់ការចម្លងទៅកាន់អ្នកដទៃ ក៏ដូចជាចូលរួមក្នុងចរន្តជាតិបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥។
ចំណែកលោកជំទាវ អគ្គលេខាធិការរងទី១ បាននាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងលើកទឹកចិត្តដល់បងប្អូនទាំងអស់ សូមបន្តថែទាំសុខភាពឱ្យបានល្អ បរិភោគទឹកឆ្អិន រស់នៅមានអនាម័យ ហើយបន្តខិតខំប្រកបមុខរបរប្រចាំថ្ងៃ រួមជាមួយការដាំដំណាំបន្លែគ្រួសារ ដើម្បីសុវត្ថិភាពអាហារ និងជីវភាពគ្រួសារ។
សូមជម្រាបជូនថា គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៉ីវ ៦ដប, កន្ទេលបត់ ១, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ៥ម៉ឺនរៀល៕