ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ក្រសួងអប់រំមិនត្រូវឲ្យបេក្ខជនតេស្តរកកូវីដ១៩ ខណៈអ្នកវិជ្ជមាននឹងត្រូវរៀបចំបន្ទប់ប្រឡងដោយឡែក

លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា មិនត្រូវឲ្យបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ធ្វើតេស្តរកជំងឺកូវីដ១៩ ឡើយ ខណៈអ្នកដែលវិជ្ជមានកូវីដ១៩ នឹងត្រូវរៀបចំឲ្យមានបន្ទប់ប្រឡងដាច់ដោយឡែក។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ លោករដ្ឋមន្ត្រីក្រសួងអប់រំ អំពាវនាវឲ្យបេក្ខជនប្រឡងបាក់ឌុបតាមដានសុខភាពខ្លួនឯង ហើយត្រូវពាក់ម៉ាសឲ្យបានជាប់ជាប្រចាំទាំងបេក្ខជន និងមេប្រយោគ ព្រមទាំងបន្តអនុវត្តវិធានសុខាភិបាល។ លោកថា អ្នកដែលសង្ស័យថា ខ្លួនមានអាការៈរោគសញ្ញានៃជំងឺកូវីដ សូមធ្វើតេស្តដោយខ្លួនឯងមួយថ្ងៃមុនប្រឡង ប្រសិនរកឃើញថា ឆ្លងជំងឺនេះ ត្រូវជូនដំណឹងមកប្រធានមណ្ឌល ដើម្បីឲ្យប្រធានមណ្ឌលរៀបចំបន្ទប់ប្រឡងដាច់ដោយឡែកពីគេ ដែលការធ្វើដូច្នេះ គឺមិនបង្កជាហានិភ័យដល់បេក្ខជនប្រឡងដទៃទៀត។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនប្រឡងសរុបចំនួន ១២៨ ១៣៤នាក់ និងមានមណ្ឌលប្រឡងចំនួន២២១ ស្មើនឹង ៥២២៧បន្ទប់ នឹងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
បើតាម​ក្រសួងអប់រំ, ក្រសួង​បានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួងស្ថាប័នចំនួន៦ រួមមាន៖ ក្រសួង មហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ, សហព័ន្ធ សហភាពយុវជនកម្ពុជានិងអគ្គិសនីកម្ពុជា។
ក្រសួងអប់រំ អំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឲ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិត វិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ៕
nmr