ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យពិភាក្សា ស្តីពីគម្រោងសេវាប្រព័ន្ធថែទាំ និងប្រព័ន្ធសុវត្ថិភាពសម្រាប់អគារទីស្តីការក្រសួងមហាផ្ទៃថ្មី

នាព្រឹកថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យពិភាក្សា ស្តីពីគម្រោងសេវាថែទាំប្រព័ន្ធទឹក ភ្លើង ម៉ាស៊ីនត្រជាក់ ប្រព័ន្ធសុវត្ថិភាព និងសម្អាត សម្រាប់អគារទីស្តីការក្រសួងមហាផ្ទៃថ្មី ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី អគ្គលេខាធិការរង ប្រធាន អនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ និងមន្ត្រីពាក់ព័ន្ធចំណុះអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ព្រមទាំងតំណាងក្រុមហ៊ុន ដែលផ្តល់គម្រោងសេវាថែទាំបច្ចេកទេស ផងដែរ។
នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ស្វាគមន៍ និងលើកឡើងអំពីតម្រូវការសេវកម្មចាំបាច់មួយចំនួនសម្រាប់បំពាក់ក្នុងអគារថ្មីរបស់ក្រសួង ដែលឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ដោយសារតែទំហំអគាររបស់ក្រសួងមហាផ្ទៃថ្មីមានលក្ខណៈធំ ហើយក្នុងន័យ ដើម្បីត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់សម្រាប់ធ្វើការថែទាំ ធ្វើយ៉ាងណារក្សាបរិយាកាសបំពេញការងាររបស់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់នៅអគារទីស្តីការក្រសួងមហាផ្ទៃថ្មីមានភាពល្អប្រសើរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ មានប្រសាសន៍បញ្ជាក់បន្ថែមថា កាលពីពេលកន្លងទៅក្រសួងបានប្រើប្រាស់មន្ត្រី ផ្ទាល់ ដើម្បីធ្វើការសម្អាត និងថែទាំតាមនាយកដ្ឋានរៀងៗខ្លួន ដោយឡែកការងារពាក់ព័ន្ធម៉ាស៊ីនត្រជាក់ ប្រព័ន្ធភ្លើង និងសម្ភារៈបច្ចេកទេសនានាមានច្រើន ដែលក្រសួងត្រូវការអ្នកបច្ចេកទេសប្រចាំ ដើម្បីធ្វើការត្រួតពិនិត្យ និងថែទាំ ដូច្នេះកិច្ចប្រជុំនាថ្ងៃនេះគឺធ្វើឡើងដើម្បីស្តាប់បទបង្ហាញរបស់ក្រុមហ៊ុនបច្ចេកទេស ដើម្បីពិចារណាស្វែងរកចំណុចឯកភាពគ្នា។
ជាមួយគ្នានោះ តំណាងក្រុមហ៊ុនទទួលបន្ទុក ដែលផ្តល់គម្រោងសេវាថែទាំប្រព័ន្ធទឹក ភ្លើង ម៉ាស៊ីនត្រជាក់ ប្រព័ន្ធសុវត្ថិភាព និងសម្អាត សម្រាប់អគាបរទីស្តីការក្រសួងមហាផ្ទៃថ្មី បានធ្វើបទបង្ហាញលម្អិតស្តីពីប្រព័ន្ធបច្ចេកទេស និងគម្រោងសេវាកម្មនីមួយៗរបស់ក្រុមហ៊ុនជូន ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ និងអង្គប្រជុំបានជ្រាប។
ក្រោយបានស្តាប់បទបង្ហាញរបស់ តំណាងក្រុមហ៊ុនរួច ឯកឧត្តម នាយឧត្តមសេនីយ៍ បានណែនាំឱ្យតំណាងក្រុមហ៊ុន សិក្សារៀបចំនូវឯកសារពាក់ព័ន្ធឱ្យបានលម្អិតបន្ថែមទៀតលើសេវាកម្មរបស់ខ្លួនឡើងវិញ ដើម្បីជាមូលដ្ឋានក្នុងការពិនិត្យ និងពិភាក្សាសម្រេច ដើម្បីដាក់ជូនគណៈកម្មការសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាថ្នាក់ដឹកនាំពិនិត្យ និងសម្រេចចុងក្រោយ៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
nmr