ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសនៅចំពោះមុខឯកអគ្គរដ្ឋទូតបរទេស និងប្រជាជនកម្ពុជាថា សម្ដេចដាច់ខាតគឺមិនចុះហត្ថលេខា សុំការលើកលែងទោសឲ្យអ្នកនយោបាយដែលមានទោសព្រហ្មទណ្ឌ ដែលតែងតែប្រើការជេរប្រមាថជាត្រីមុខ ក្នុងការវាយគ្រួសារសម្ដេច មិនលើកលែងសូម្បីតែប្អូនស្រីរបស់សម្ដេចដែលទទួលមរណភាពទៅហើយ។
ការបញ្ជាក់ជំហររបស់សម្ដេចតេជោ ហ៊ុន សែន ដែលនឹងគ្មានការយោគយល់ចំពោះអ្នកនយោបាយមានទោសព្រហ្មទណ្ឌ និងជាអ្នកនយោបាយគ្មានសីលធម៌នោះ គឺធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងពេលសម្ដេច អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ឯកអគ្គរដ្ឋទូត មន្រ្ដី អ្នកពាក់ព័ន្ធដែលចូលរួមដោយផ្ទាល់ និងប្រជាជនដែលកំពុងទស្សនាតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ដោយសង្កត់ធ្ងន់ថា មន្រ្ដីទូតអាចមិនចេះភាសាខ្មែរទេ ហើយថា តើពួកគេបានដឹងដែរទេ នៅពេលដែលភរិយារបស់សម្ដេច សម្ដេចរួមទាំងក្រុមគ្រួសារទាំងមូលកំពុងសម្រក់ទឹកភ្នែកស្ដាយប្អូនស្រី ដែលចែកឋានទៅដោយមិនបានលា ប៉ុន្ដែក្រុមពួកប្រឆាំងជ្រុលនិយម បានធ្វើការវាយប្រហារលើប្អូនស្រីរបស់សម្ដេចយ៉ាងអសុរោះបំផុត។ នៅត្រង់នេះសម្ដេចបានដាក់ជាសំណួរថា បើសិនមិត្តបរទេសជារូបសម្ដេច និងជាភរិយារបស់សម្ដេចតើអាចទទួលយកទង្វើដ៏អាក្រក់នេះបានទេ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀត សម្ដេចគ្របគ្រងរដ្ឋមិនផ្អែកលើមនោសញ្ចេតនានោះទេ ហើយការអនុវត្តច្បាប់ត្រូវមាន។ សម្ដេចតេជោបន្តថា មិត្តបរទេសអាចថា សម្ដេចផ្ដាច់ការហើយចូលចិត្តប្រតិកម្មជាមួយបុគ្គលណាមួយ ប៉ុន្ដែវាជារឿងដ៏អាក្រក់បំផុត ដែលពួកគេធ្វើការវាយប្រហារមនុស្សដែលទទួលមរណភាពទៅហើយ។ ព្រោះតែទង្វើដ៏ថោកទាបបែបនេះ ទើបសម្ដេចរក្សាជំហរដាច់ណាត់មិនចុះហត្ថលេខាសុំការលើកលែងទោសឲ្យអ្នកនយោបាយណាទាំងអសដែលមានកំហុសព្រហ្មទណ្ឌ។
មេដឹកនាំនិងបក្ខពួកក្រុមប្រឆាំងជ្រុលនិយម ពួកគេមិនដែលខ្វល់ពីការឈឺចាប់របស់អ្នកណាឡើយ ពោលពួកគេតែងតែវាយប្រហារ ចោទប្រកាន់ មូលបង្កាច់ គ្រប់រូបភាពលើអ្នកដទៃ មិនលើកលែងសូម្បីអ្នកដែលទទួលមរណភាពទៅហើយ ពិសេសគឺក្រុមគ្រួសារប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ ចំពោះទង្វើរបស់ពួកគេ គឺកើតចេញពីគំរូមេដឹកនាំក្បត់ជាតិរបស់ពួកគេ ដែលត្រូវបានគេវាយតម្លៃថា ព្រោះតែចរិតមេដឹកនាំជាពូជក្បត់ជាតិ ទើបកូនចៅដែលតាមហែហមតែងតែធ្វើអំពើថោកទាបតាមគំរូចៅហ្វាយនាយ៕