ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់មានអារម្មណ៍ត្រេកអរ សប្បាយរីករាយ និងអរគុណយ៉ាងខ្លាំងដល់ ក្រុមការងារគណៈបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលចុះជួយដោះស្រាយជូនពលរដ្ឋដល់មូលដ្ឋាន។ ដែលកន្លងទៅថ្មីៗនេះ ប្រធានក្រុមការងារដែលដឹកនាំដោយឯកឧត្តម ស ថេត បានសាងសង់ផ្លូវបេតុង រៀបចំប្រព័ន្ធលូ និងដាក់ភ្លើងសូឡាបំភ្លឺផ្លូវបានមួយចំនួន២ខ្សែរួចមកហើយ។ ហើយនៅខណៈនេះទៀត ប្រធានក្រុមការងារ និងសង្កាត់បានសម្រេចបើកការដ្ឋានជួសជុល និងសង់ផ្លូវបេតុងចំនួន០៦ខ្សែទៀត សម្រាប់ពួកគាត់ប្រើប្រាស់ ធ្វើឱ្យពួកគាត់រឹតតែសប្បាយរីករាយ។ ប៉ុន្តែដោយសារតែតំបន់ខ្លះ មិនទាន់មានប្រព័ន្ធលូ និងភ្លើងបំភ្លឺផ្លូវគ្រប់គ្រាន់នៅឡើយ ពួកគាត់ សូមស្នើសុំឱ្យជួយរៀបចំបន្ថែមទៀត។
ជាមួយគ្នានេះ លោក សាន សុខសីហា ជំនួយការ ឯកឧត្តម ស ថេត បានប្រាប់ឱ្យដឹងថា ចាប់តាំងពីឯកឧត្តម ស ថេត បានទទួលការងារជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់បឹងទំពន់១ ឯកឧត្តមតែងតែចុះជួយដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋជាប្រចាំ ទាំងការចុះដោយផ្ទាល់ និងតាមរយៈក្រុមការងារ។ ក្នុងនោះមានដូចជា ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ សេវាតម្រូវការប្រចាំថ្ងៃ និងការអភិវឌ្ឍមូលដ្ឋានជាដើម។
ចំពោះសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំឱ្យរៀបចំដាក់ប្រព័ន្ធលូបង្ហូរទឹក និងភ្លើងសូឡាបំភ្លឺផ្លូវបន្ថែម ដើម្បីផ្តល់ភាពងាយស្រួលដល់ពួកគាត់បន្ថែមទៀតខាងលើនេះ លោក សាន សុខសីហា បានបញ្ជាក់ថា ការរៀបចំប្រព័ន្ធលូ នឹងធ្វើឡើងនៅអំឡុងពេលកំពុងធ្វើផ្លូវ ដែលត្រូវតែរៀបចំ។ ចំពោះភ្លើងសូឡាបំភ្លឺផ្លូវ ឬអំពូលសូឡា ឯកឧត្តម ស ថេត គឺនៅតែជួយបន្តផ្តល់តាមទីតាំងងងឹតជាក់ស្តែង ជាបន្តបន្ទាប់ទៀត។
សូមជម្រាបជូនថា ការបើកការដ្ឋានជួសជុលផ្លូវបេតុងចំនួន០៦ខ្សែខាងលើនេះ មានប្រវែងសរុបចំនួន ៩៣០ម៉ែត្រ និងទទឹង៥ម៉ែត្រ ស្ថិតនៅក្នុងគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៣ ស្ថិតនៅភូមិចំរើនផល, ចំរើនផល១, ចំរើនផល២, និងភូមិសន្សំកុសល១ ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕ ដោយ ៖ សូរ ប្រុស