ព័ត៌មានថ្មីៗ

សម្តេចពិជ័យសេនា ទៀ បាញ់ ៖ កម្ពុជាបញ្ជូនកងទ័ពចូលរួមចំណែករក្សាសន្តិភាព ដោយសារ យល់ផលវិបាកខ្លាំងពីសង្គ្រាម

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ប្រទេសកម្ពុជា ធ្លាប់ឆ្លងកាត់នូវសង្គ្រាមផ្ទៃក្នុងរបស់ខ្លួនយ៉ាងច្រើន ហើយផលវិបាកនៃសង្គ្រាមនេះ កម្ពុជាបានយល់យ៉ាងច្បាស់ ដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជាបញ្ជូនកងទ័ពរបស់ខ្លួន តាមការស្នើសុំរបស់អង្គការសហប្រជាជាតិ (UN) ដើម្បីរួមចំណែកស្វែងរកសន្តិភាពនៅប្រទេសមួយចំនួនលើសកលលោក ដែលកំពុងមានជម្លោះ ។
តាមរយៈគណនីហ្វេសបុកផ្ទាល់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានលើកឡើងថា« ដោយធ្លាប់ហែលឆ្លងនូវសង្គ្រាមអស់ជាច្រើនទសវត្សរ៍ខ្លួនឯងផ្ទាល់ កម្ពុជាយល់ច្បាស់អំពីផលវិបាកនៃសង្គ្រាម។ ហេតុនេះ ទើបយើងបាន និងកំពុងចូលរួមយ៉ាងសកម្ម ក្នុងចំណោមប្រទេសដែលបានបញ្ជូនកម្លាំង បំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ក្នុងន័យរួមចំណែកស្វែងរកសន្តិភាពជូនបណ្តាប្រទេសកំពុងមានជម្លោះ»។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជា មានកងទ័ពមួកខៀវប្រមាណជាង ៧៣០០នាក់ បានចូលរួមការងារបេសកកម្មថែរក្សាសន្តិភាព (UN)នៅតាមបណ្តាប្រទេសដែលកំពុងមានជម្លោះសង្គ្រាមចំនួន៩ ដែលប្រទេសទាំងនោះរួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ សាធារណរដ្ឋអាហ្វ្រិកកណ្តាល ប្រទេសម៉ាលី ឆាដ សាយប្រ៊ុយ ស៊ីរី និងយេម៉េន ។
សម្រាប់បច្ចុប្បន្ននេះ វិញ កម្ពុជាមានទ័ពមួកខៀវប្រមាណជិត ៨០០នាក់ បាននិងកំពុងឈរជើងបំពេញបេសកកម្មថែរក្សាសន្តិភាពតាមការស្នើសុំរបស់អង្គការសហប្រជាជាតិ នៅប្រទេសចំនួន៤ រួមមាន ប្រទេសស៊ូដង់ខាងត្បូង សាធារណរដ្ឋាអាហ្វ្រិកកណ្តាល លីបង់ និងប្រទេសម៉ាលី។
កងទ័ពកម្ពុជា បានពលីជីវិតមួយចំនួនផងដែរនៅតាមបណ្តាប្រទេសដែលខ្លួនបានកំពុងបំពេញបេសកកម្មដើម្បីរួមចំណែកថែរក្សាសន្តិភាព។ ប៉ុន្តែទោះជាយ៉ាងនេះក្តីរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាមិនបានរាថយក្នុងការបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់ប្រទេសដែលកំពុងមានសង្គ្រាមទាំងនោះឡើយ ផ្ទុយទៅវិញកម្ពុជាមានតែបង្កើនឲ្យបានច្រើនជាងមុនទៅទៀត ដើម្បីបញ្ជាក់ ឲ្យឃើញថា កម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងន័យរួមចំណែករក្សាសន្តិភាព រក្សាសន្តិសុខជូនមនុស្សជាតិនៅលើពិភពលោកទាំងមូលនោះ៕
nmr