ភ្នំពេញ : ការបង្កើតបណ្តាញសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ជាដៃគូសន្ទនារវាងប្រជាសហគមន៍និងរាជរដ្ឋាភិបាល ផ្លាស់ប្តូរយោបល់ ស្វែងរកដំណោះស្រាយរួមគ្នា ផ្តល់ការទទួលខុសត្រូវក្នុងការគ្រប់គ្រងនិង ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិឱ្យមាននិរន្តរភាព។ នេះគឺជាថ្លែងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ក្នុងឱកាសជួបសំនេះសំណាល និងផ្តល់ម៉ូតូជូនគណៈកម្មាធិការបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់នាទីស្តីការក្រសួងបរិស្ថាន។
ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍បន្ថែមថា ក្រសួងបរិស្ថាននឹងខិតខំពង្រឹងភាពជាដៃគូដ៏ល្អក្នុងការកសាងសហគមន៍ឲ្យមានការរីកចម្រើន ហើយភាពជាដៃគូសហការនេះ មានសារៈសំខាន់ ដែលផ្តល់ឱកាសឱ្យសហគមន៍តំបន់ការពារធម្មជាតិ អាចផ្លាស់ប្តូរបទពិសោធន៍ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងការអភិរវឌ្ឍន៍ជីវភាពសហគមន៍ និងអាចលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយជាមួយមន្រ្តីជំនាញ និងក្រសួងបរិស្ថាន ដើម្បីពង្រឹងកិច្ចសហការល្អថែមទៀតក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់។
ឯកឧត្តម សាយ សំអាល់ បានសង្កត់ធ្ងន់ថា ជីវភាពសហគមន៍មូលដ្ឋានមានភាពប្រសើរ លុះត្រាតែគ្រួសារប្រជាសហគមន៍ មានអាហារហូបចុកគ្រប់គ្រាន់ មានសុខភាពល្អ រស់នៅប្រកបដោយអនាម័យស្អាត និងកូនចៅបានបន្តការសិក្សាបានខ្ពង់ខ្ពស់។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្តី បានលើកទឹកចិត្តឲ្យសហគមន៍ជំរុញផលិតកម្មអាហារនៅតាមមូលដ្ឋាន ជាពិសេសពង្រឹងលើធនធានអ្វីដែលសហគមន៍មានស្រាប់ដូចជាការដាំដុះដំណាំរួមផ្សំផ្សេងៗ និងការចិញ្ចឹមសត្វ ដែលជួយឲ្យគ្រួសារប្រជាសហគមន៍ មានស្បៀងអាហារបរិភោគគ្រប់គ្រាន់ មានសុខភាពល្អបរិបូណ៍ មានកម្លាំងប្រាជ្ញាវាងវៃ និងបង្កើនជីវភាពគ្រួសារតាមរយៈការលក់ចេញផលិតផលនានា ទៅកាន់ទីប្រជុំជន ទៅកាន់ទីផ្សារនានានៅរាជធានីភ្នំពេញបន្ថែមទៀត។ បន្ថែមពីនេះសហគមន៍មួយចំនួនមានសក្តានុពលក្នុងការបង្កើតជាទេសចរណ៍ធម្មជាតិ ដែលអាចជួយឱ្យប្រជាពលរដ្ឋមូលដ្ឋានមានសេដ្ឋកិច្ចរឹងមាំមួយកម្រិតទៀត តារយៈការផ្តល់សេវាទេសចរណ៍ល្អ ដូចជា ម្ហូបអាហារ បន្លែ ត្រី សាច់ និងវត្ថុអនុស្សាវរីយ៍ ជូនដល់អ្នកទេសចរណ៍ផងដែរ។
គួររំឭកថា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ក្រសួងបរិសា្ថន បានរៀបចំវេទិកាថ្នាក់ជាតិលើកទី១ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» នៅវិមានសន្តិភាព ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ វេទិកាបានអនុញ្ញាតឱ្យក្រសួងបរិស្ថាន សម្របសម្រួលរៀបចំបង្កើតបណ្តាញសហគមន៍មូលដ្ឋាន ៣ កម្រិត ១. សម្ព័ន្ធសហភាពសហគមន៍អភិរក្សធនធានធម្មជាតិ«ថ្នាក់ជាតិ» ២.បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ«ថ្នាក់តំបន់» (តំបន់ខាងត្បូងបឹងទន្លេសាប តំបន់ខាងជើងបឹងទន្លេសាប និងតំបន់ខាងកើតទន្លេមេគង្គ) និង៣.សហព័ន្ធសហគមន៍អភិរក្សធនធានធម្មជាតិ«ថ្នាក់តំបន់ការពារធម្មជាតិ» ក្នុងគោលបំណងពង្រឹងកិច្ចសហការរវាងសហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដើម្បីប្រសិទ្ធភាពការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ការលើកកម្ពស់ជីវភាពសហគមន៍ និងចូលរួមចំណែកដោះស្រាយបញ្ហាផ្សេងៗទៀតនៅមូលដ្ឋាន។ រហូតមក ដល់នឹងបច្ចុប្បន្ននេះ សហគមន៍តំបន់ការពារធម្មជាតិទាំងអស់ដែលត្រូវបានបង្កើតនិងទទួលស្គាល់ដោយ ក្រសួងបរិស្ថានមានចំនួន ១៧១ សហគមន៍មានទីតាំងស្ថិតនៅក្នុងនិងនៅជុំវិញតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះដែលស្ថិតក្រោមដែនយុត្តាធិការការពារនិងអភិរក្សរបស់ក្រសួងបរិស្ថាន។
ក្រសួងបរិស្ថាន បានរៀបចំបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ ទាំងថ្នាក់មូលដ្ឋាន ថ្នាក់តំបន់ និងថ្នាក់ជាតិ និងបានជួយបណ្តុះបណ្តាលការរៀបចំ គ្រប់គ្រង ផ្តល់សម្ភារៈ ពូជសត្វ ជាបន្តបន្ទាប់ជូនដល់សហគមន៍មួយចំនួន ដើម្បីពង្រឹងជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន។ នៅក្នុងពេលនេះ ក្រសួងបរិស្ថាន បានផ្តល់ម៉ូតូជូនដល់ «បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ» ទាំងបីតំបន់ ដែលក្នុងនោះបណ្តាញនីមួយៗទទួលបានម៉ូតូចំនួន ៥គ្រឿង ដើម្បីលើកទឹកចិត្តដល់ការចូលរួមយ៉ាងសកម្មឬបស់គណៈកម្មាធិការបណ្តាញទាំងអស់ក្នុងការគ្រប់គ្រងធនធានធម្មជាតិ។