- (កំពង់ឆ្នាំង)៖ គ្រឿងចក្រប្រភេទអ៊ិចស្កាវ៉ាទ័រ និងរថយន្តបែនដឹកដីសរុប១០គ្រឿង ព្រមទាំងម្ចាស់គ្រឿងចក្រម្នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខណៈកំពុងជីកកកាយយកអាចម៌ដី ក្នុងបឹងដោយមិនមាន ច្បាប់អនុញ្ញាតនៅសង្កាត់ផ្សារឆ្នាំង ស្ថិតភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។
លោកវរសេនីយ៍ឯក ហង់ សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះថា ការឃាត់គ្រឿងចក្រ និងរថយន្តបែនដឹកដី ដែលធ្វើសកម្មភាពជីក និងដឹកអាចម៍ដីគ្មានច្បាប់ខាងលើនេះ ត្រូវបានកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយរូបលោកផ្ទាល់ ចុះអនុវត្តតាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង។
ក្នុងប្រតិបត្តិការនេះកម្លាំងក៏បានឃាត់ឈ្មោះ សោម សុម៉ាលីន អាយុ៥៧ឆ្នាំ។ រីឯគ្រឿងចក្រទាំងអស់នេះ គឺសមត្ថកិច្ចចុះឃាត់ពេលដែលកំពុងធ្វើសកម្មភាពជីកកកាយដីជាក់ស្ដែងនៅចំណុចខាងលើ។ បន្ទាប់ពីធ្វើការសាកសួររួច កងរាជអាវុធហត្ថក៏បានប្រគល់ជូនគ្រឿងចក្រ និងរថយន្តបែនដឹកដី ព្រមទាំងម្ចាស់គ្រឿងចក្រ ទៅឲ្យរដ្ឋបាលជលផលដើម្បីចាត់ការបន្ត។
ដោយឡែកលោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង ក៏បានបញ្ជាក់ ឲ្យដឹងថា គ្រឿងចក្រ និងរថយន្តខាងលើនេះ ត្រូវបានរងការពិន័យអន្តរការពី ៥លានទៅ១០លានរៀល។
លោកបញ្ជាក់ទៀតថា ក្នុងចំណោមអ៊ិចស្កាវាទ័រទាំង៤គ្រឿង គឺ២គ្រឿងបានធ្វើការផាកពិន័យរួចហើយ នៅ២គ្រឿងទៀតមិនទាន់ឃើញម្ចាស់ យកឯកសារពាក់ព័ន្ធមកបង្ហាញដល់សមត្ថកិច្ចនៅឡើយទេ៕