ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ ព័ត៌មាននយោបាយ

សម្តេចតេជោ បញ្ជាគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យរោងចក្រសហគ្រាសឱ្យបានហ្មត់ចត់ ពីការផលិតជំនួញស្របច្បាប់ ទៅជាការផលិតគ្រឿងញៀន

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែពិនិត្យឱ្យបានហ្មត់ចត់ និងច្បាស់លាស់បំផុត នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ដើម្បីទប់ស្កាត់ និងបង្ការ ពីការផលិតជំនួញស្របច្បាប់ទៅជាការកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ ខណៈករណីបែបនេះធ្លាប់មានមកហើយ តែត្រូវបានអាជ្ញាធរធ្វើការបង្ក្រាបបានទាន់ពេលវេលា។
តាមរយៈសារលិខិត ដែលបានផ្ញើដល់ជនរួមជាតិក្នុងឱកាស​ប្រារព្ធ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀន ​ដែលនឹងប្រព្រឹត្តិទៅ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ ​ក្រោមវិធានបទ​«ដោះស្រាយ​បញ្ហា​គ្រឿងញៀន​ក្នុងវិបត្តិសុខភាព ​និងមនុស្ស» សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសង្កត់​ធ្ងន់ថា​«អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈកម្មាធិការយុទ្ធនាការ​ប្រយុទ្ធ​​ប្រឆាំង​គ្រឿងញៀន ខុសច្បាប់លើកទី៧ គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​រាជធានី-ខេត្ត និង​អង្គភាពពាក់ព័ន្ធទាំងអស់​ត្រូវបន្តយកចិត្ត ទុកដាក់ម្ចាស់ការ សម្របសម្រួលដឹកនាំអនុវត្តឲ្យកាន់​តែមាន​ប្រសិទ្ធភាពនូវតួនាទី ​និងភារកិច្ចរបស់ខ្លួនក្នុង​ ការបង្ការ ទប់ស្កាត់បង្រ្កាប ​និងដោះស្រាយ​នូវរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន​ និងគ្រប់គ្រង ​ត្រួតពិនិត្យសារធាតុគីមីផ្សំ នៅ​តាមក្រុមហ៊ុន រោងចក្រ សហគ្រាសឲ្យបានហ្មត់ចត់ ​និងមានប្រសិទ្ធភាពខ្ពស់ ​ដើម្បី​ទប់ស្កាត់​បាន​រាល់ការលួចបង្វែរពីជំនួញស្របច្បាប់យកទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់នៅប្រទេសកម្ពុជា»។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់គ្រប់​ក្រសួងស្ថាប័ន អង្គភាព​មន្រ្តីអនុវត្តច្បាប់​គ្រឿង​ញៀន​ពាក់ព័ន្ធទាំងអស់ ត្រូវបន្តលើកកម្ពស់ការប្រើប្រាស់យន្តការនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំង ក្របខ័ណ្ឌទ្វេភាគី ពហុភាគី ទាំងក្នុងតំបន់ និងសកលលោក ​ផ្លាស់ប្តូរព័ត៌មានត្រួតពិនិត្យ តាមដាន​ស៊ើបអង្កេត ស្រាវជ្រាវ​មុខសញ្ញា​ចរាចរណ ជួញដូរ ប្រើប្រាស់គ្រឿងញៀន និងសារធាតុ​គីមី​ផ្សំខុសច្បាប់ ​ឆ្លងកាត់តាមព្រំដែន​ និងសហការរួមគ្នាបង្រ្កាប​ឲ្យបានទាន់ពេលវេលា និង​ចំគោលដៅ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយនូវបញ្ហាគ្រឿងញៀននេះ។
តាមរយៈសារលិខិតនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំ ​និងសំណូមពរបន្ថែមនូវ គោលការណ៍​មួយចំនួនទៀតផងដែរ ​ដោយក្នុងនោះសម្តេចសូមអំពាវនាវដល់បងប្អូនកូនក្មួយ ព្រមទាំងចៅៗ​ជាជនរួមជាតិទាំងអស់ ​ពិសេសមាតាបិតា ​និងអាណាព្យាបាលសូមបន្តចូលរួម និងគាំទ្រឲ្យ​បានកាន់តែសកម្មថែមទៀត ​ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងដោះស្រាយនូវរាល់បញ្ហា​ដែលអាចកើតមាននៅក្នុងសហគមន៍។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានឲ្យមាតាបិតានិងអាណាព្យាបាល បន្តយកចិត្តទុកដាក់ថែ ទាំ និងអប់រំកូនចៅឲ្យបានល្អ​ដើម្បីឲ្យ​ពួកគេ​លូតលាស់​ធំធាត់ ​ប្រកប​ដោយសុខភាព​និងសុវត្ថិភាពចៀស ផុត​ពីបញ្ហាគ្រឿងញៀន​ បញ្ហាអវិជ្ជាក្នុងសង្គមផ្សេងៗ​ ដើម្បីអនាគតកូនចៅយើងទាំងអស់គ្នា​។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យគ្រប់ក្រសួងស្ថាប័ន វិស័យឯកជន និងសាសនា ត្រូវបន្តលើកកម្ពស់ការេអនុវត្តសកម្មភាពផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងញៀនឲ្យបាន ផុសផុល ​និងគ្រប់គោលដៅប្រឈម។ ជាពិសេសបណ្តាញផ្សព្វផ្សាយព័ត៌មាន សិល្បករ សិល្បការិនី បណ្តាញទំនាក់ទំនងសង្គម ​និងហ្វេសបុកផេករបស់ថ្នាក់ដឹកនាំ ដោយ​ត្រូវបន្តអនុវត្ត​ផ្សារ​ភ្ជាប់​ជាមួយខ្លឹមសារ ​ទិសស្លោក​ បីកុំ ​មួយរាយការណ៍គឺ៖ កុំពាក់ព័ន្ធ ​កុំអន្តរាគមន៍ កុំលើកលែង និង​ត្រូវរាយការណ៍ជូនអាជ្ញាធរ ​មានសមត្ថកិច្ចគ្រប់ករណីគ្រឿងញៀនទាំងអស់។
យ៉ាងណាក៏ដោយសម្តេចតេជោ ​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​ក៏បានបញ្ជាឲ្យអាជ្ញាធរជាតិប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី-ខេត្ត ជាពិសេសក្រសួង​សុខាភិបាល ​និងក្រសួងសង្គមកិច្ចអតីតយុទ្ធជន​ និងយុវនីតិសម្បទា ត្រូវបន្តពង្រឹងគុណភាព​ប្រសិទ្ធភាព និងភាពជឿជាក់នៃការផ្តល់សេវាព្យាបាល ស្តារនីតិ សម្បទាទាំងនៅក្នុងមជ្ឈមណ្ឌល​ជាតិមជ្ឈមណ្ឌលបណ្តោះអាសន្ន របស់រដ្ឋ និងឯកជន ​និងមន្ទីរពេទ្យបង្អែក ​មណ្ឌលសុខភាពនានា ព្រមទាំងសម្របសម្រួលគាំទ្រ ​លើកទឹកចិត្ត និងជំរុញឲ្យអ្នកប្រើគ្រឿងញៀន​ឲ្យទៅទទួល​យក​សេវា​ព្យាបាលស្តារនីតសម្បទា ​ក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ៕
May be an image of 1 person and flower
nmr