ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ ព័ត៌មាននយោបាយ

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ពិភាក្សាការងារជាមួយទូតសឹង្ហបុរីផ្តោតលេីវិស័យច្បាប់និងប្រព័ន្ធយុត្តិធម៌

ភ្នំពេញៈ​ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានជួបជាមួយលោកជំទាវ TEO Lay Cheng ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំប្រទេសកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌កម្ពុជានិងប្រទេសសឹង្ហបុរី ក្នុងវិស័យច្បាប់និងប្រព័ន្ធយុត្តិធម៌។​ ជំនួបនេះ​ ធ្វេីឡេីងនៅនារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ។
កិច្ចពិភាក្សានេះបានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិទ្វេភាគីរវាងក្រសួងយុត្តិធម៌កម្ពុជានិងប្រទេសសឹង្ហបុរីក្នុងវិស័យច្បាប់និងប្រព័ន្ធយុត្តិធម៌ ជាពិសេសកិច្ចសហប្រតិបត្តិការលើគម្រោងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
ក្នុងជំនួបពិភាក្សានេះ លោកជំទាវឯកអគ្គរដ្ឋទូត បានអញ្ជើញ ឯកឧត្តម ជិន ម៉ាលីន ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំជាន់ខ្ពស់នៅសាលានយោបាយសាធារណ: Lee Kuan Yew (Lee Kuan Yew School of Public Policy) រយ:ពេល ៦ សប្តាហ៍ នៅប្រទេសសឹង្ហបុរី ពីពាក់កណ្តាលខែតុលា ដល់ចុងខែវិច្ឆិកា ខាងមុខនេះ។
ក្នុងរយ:ពេលនៃវគ្គបណ្តុះបណ្តាលនេះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏នឹងរៀបចំឱ្យឯកឧត្តម ជិន ម៉ាលីន ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនិងស្ថាប័នពាក់ព័ន្ធរបស់ប្រទេសសឹង្ហបុរី ដើម្បីស្វះស្វែងរកឱកាសក្នុងការសហការរវាងក្រសួងយុត្តិធម៌កម្ពុជានិងប្រទេសសឹង្ហបុរី។
nmr