សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងមានការចូលរួមដ៏សកម្មពីប្រជាជន និងពីគ្រប់កម្លាំងក្នុងសង្គម ព្រមទាំងការជួយឧបត្ថម្ភ យើងអាចគ្រប់គ្រង និងដោះស្រាយវិបត្តិជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។ យើងមានជំនឿយ៉ាងមុតមាំថា យើងនឹងអាច ជម្នះនូវផលវិបាកផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ទោះបីជំងឺ នេះមិនទាន់រលាយសាបសូន្យពីផែនដីនេះក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា រយៈពេលជាងពីរឆ្នាំមកនេះ វិបត្តិនៃការផ្ទុះឡើងជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ពិភពលោកទាំងមូល ដោយពុំមានប្រទេសណាមួយអាចគេចផុតបានឡើយ ក្នុងនោះ ព្រះរាជាណាចក្រកម្ពុជាយើងក៏ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែរ។ ប៉ុន្តែដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ មានការចូលរួមដ៏សកម្មពីប្រជាជន និងពីគ្រប់កម្លាំងក្នុងសង្គម ព្រមទាំងការជួយឧបត្ថម្ភគាំទ្រពីសហគមន៍អន្តរជាតិ យើងអាចគ្រប់គ្រង និងដោះស្រាយវិបត្តិនេះបានយ៉ាងល្អប្រសើរ។
យើងមានជំនឿយ៉ាងមុតមាំថា យើងនឹងអាច ជម្នះនូវផលវិបាកផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ទោះបីជំងឺ នេះមិនទាន់រលាយសាបសូន្យពីផែនដីនេះក៏ដោយ។ ជាក់ស្ដែង កំណើនសេដ្ឋកិច្ចកម្ពុជាបាន វិលមកកាន់កំណើនវិជ្ជមានវិញ ហើយរំពឹងថានឹងកាន់តែមានភាពប្រសើរឡើងថែមទៀតនៅ ឆ្នាំ ២០២២ នេះ និងឆ្នាំ ២០២៣ ខាងមុខ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីបន្តយកឈ្នះលើការរាតត្បាតនៃជំងឺ កូវីដ-១៩ សូមបងប្អូនជនរួមជាតិយកចិត្តទុកដាក់បន្តការពារខ្លួនតាមវិធានការសុវត្ថិភាព ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានដាក់ចេញ ជាពិសេសសូមអញ្ជើញទៅចាក់ វ៉ាក់សាំងដូសទី៣ ដូសទី៤ និងបន្តទៅដូសទី៥ឱ្យបានគ្រប់ៗគ្នា។
សម្តេចតេជោ ហ៊ុន សែន សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានា ដែលបានរួមវិភាគទាន យ៉ាងថ្លៃថ្លាជួយឧបត្ថម្ភគាំទ្រចំពោះបុព្វហេតុដ៏ត្រឹមត្រូវរបស់ប្រជាជនកម្ពុជា និងកំពុងបន្ត ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការល្អប្រកបដោយផ្លែផ្កាជាមួយព្រះរាជាណាចក្រកម្ពុជា ដែល ជាការរួមចំណែកដ៏សំខាន់មិនអាចខ្វះបាន ដើម្បីសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ នៅកម្ពុជា៕