ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសដាក់ឲ្យដំណើរប្រាក់សោធនផ្នែកវិស័យឯកជន ចាប់​ពេល​នេះ​ទៅ

រាជធានីភ្នំពេញ ៖ ច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម​បាន​កំណត់​ការ​គ្រប់គ្រង​របប​សន្តិ​សុ​សង្គម​រួម​មាន ៖ ផ្នែក​ហានិភ័យ​ការងារ ផ្នែក​ថែទាំ​សុខភាព ផ្នែក​ប្រាក់​សោធន និង​ផ្នែក​និកម្មភាព​ការងារ ។

ចាស់​ទៅ​មាន​ប្រាក់​ចូល​និវត្តន៍​គ្រាន់​ដើរ​លេង​ដូច​មនុស្ស​ចាស់​នៅ​តាម​បណ្តា​ប្រទេស​រីក​ចម្រើន​នានា ។ ជា​ការ​ចង់បាន​របស់​ពលរដ្ឋ​ទូទៅ ។ បច្ចុប្បន្ន​អ្នកមាន​ប្រាក់​សោធន​និវត្តន៍​មាន​តែ​បុគ្គលិក​រដ្ឋ​ប៉ុណ្ណោះ ។

ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរ​ប្រាក់​សោធន​ផ្នែក​វិស័យ​ឯកជន ចាប់​ពេល​នេះ​ទៅ ដែល​ជា​ចំនុច​មួយ​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​នឹង​មាន​ប្រាក់​សម្រាប់​វ័យចាស់​រៀងខ្លួន បើ​ធ្វើការ​ពី​ក្មេង​នោះ ។

មក​ដល់​ពេល​នេះ កម្ពុជា​បាន​អនុវត្ត​របប​សន្តិសុខ​សង្គម​ចំនួន​៣​រួម មាន​ផ្នែក​ហានិភ័យ​ការងារ​អនុវត្ត​នៅ​ឆ្នាំ​២០០៨ ផ្នែក​ថែទាំ​សុខភាព​អនុវត្ត​នៅ​ឆ្នាំ​២០១៦ និង​ផ្នែក​ប្រាក់​សោធន ដាក់​ឱ្យ​អនុវត្ត ចាប់ពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២២​នេះ ។ គេ​នឹង​ប្រើប្រាស់​ពេលវេលា​៣​ខែ ដើម្បី​ផ្សព្វផ្សាយ​ពី​យន្តការ​នេះ មុន​នឹង​អនុវត្ត​ជា​ផ្លូវការ ។

ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បញ្ជាក់​ថា ការ​ដាក់​ឱ្យ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​សម្រាប់​បុគ្គល​ទាំងឡាយ ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​ការងារ គឺជា​ជំហាន​ថ្មី​មួយទៀត​ដែល​ជា «​ជំហាន​ឆ្ពោះទៅ​កាន់ការ​អភិវឌ្ឍ​ប្រព័ន្ធ​សន្តិសុខ​សង្គម​ពេញលេញ​នៅ​កម្ពុជា​» និង​ជា​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម​មួយ​ដ៏​រឹង​មាំ ប្រកបដោយ​ចីរភាព និង​បរិ​យា​បន្ន ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រជាជន​គ្រប់​ក្រុម​គោលដៅ និង​ជា​ពិសេស​បង្ការ​ហានិភ័យ​ខ្ពស់​នៃ​ការ​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​នៅ​ពេល​ចូល​ដល់​វ័យ​ចាស់ជរា ។

ក្រសួង​បាន​កត់​សម្គាល់ថា ជា​ទូទៅ​ប្រជាជន​កម្ពុជា​ក្រៅពី​មិន​ហ៊ាន​ចំណាយ​ថវិកា​លើ​ការ​ថែទាំ​សុខភាព​ក៏​មិន​មាន​ទម្លាប់​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​សម្រាប់​ខ្លួនឯង នៅ​ពេល​ដែល​ពួក​គាត់​ឈាន​ចូល​ដល់​វ័យ​ចាស់ជរា​នោះ​ដែរ ដោយ​ភាគច្រើន​ត្រូវ​ពឹងផ្អែក​លើ​ការ​ឧបត្ថម្ភ​របស់​កូនចៅ ។

ទម្លាប់​នេះ​ជា​កត្តា​ជំរុញ​ឱ្យ​ប្រជាជន​កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ក្នុង​ការ​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​នៅ​ពេល​ចូល​ដល់​វ័យ​ចាស់ជរា ហើយ​បញ្ហា​នេះ​ត្រូវ​បាន​គិតគូរ​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​បាន​ដាក់​ចេញ​នូវ​ច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម ។

លោក អ៊ិ​ត សំ​ហេង ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ គូសបញ្ជាក់​ថា នេះ​ជា​ដំណាក់កាល​ដ៏​សំខាន់​ណាស់ ដែល​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏​ដូច​ជា វិស័យ​របប​សន្តិសុខ​សង្គម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដើរមក​ដល់​ដំណាក់កាល​ដ៏​សំខាន់​នេះ បន្ទាប់​ពី​ការ​ខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ច្រើន​ឆ្នាំ​កន្លង​មក ដើម្បី​រៀបចំ​ប្រព័ន្ធ​សន្តិសុខ​សង្គម​សម្រាប់​ប្រជាជន​កម្ពុជា​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា តាម​រយៈ​ការ​អនុវត្ត​នូវ​របប​សន្តិសុខ​សង្គម​នេះ គេ​បាន​សង្កេត​ឃើញ​នូវ​ទស្សនទាន ការ​ចែករំលែក និង​គោលការណ៍​សាមគ្គីធម៌​ក្នុង​សង្គម ដែល​ទស្សនទាន​២​នេះ បាន​នាំ​មក​នូវ​កិច្ចធានា​បាន​នូវ​សន្តិសុខ​ប្រាក់​ចំណូល​ពោល គឺ​មាន​ន័យ​ថា គ្មាន​សមាជិក​សង្គម​ណា​ម្នាក់​ធ្លាក់​ទៅ​ក្នុង​ហានិភ័យ​ដោយ​មិន​អាច​ងើប​រួច​បាន​នោះ​ទេ និង​មាន​ន័យ​ម្យ៉ាងទៀត​ថា ជា​ការ​រួមចំណែក​សម្រាល​បន្ទុក​សង្គម​ផង​ដែរ ។

ម្យ៉ាងវិញទៀត ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ក៏​រួមចំណែក​យ៉ាង​សំខាន់​ដល់​គោលនយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​តាម​រយ​ការ​កាត់​បន្ថយ​នូវ​គម្លាត​ប្រាក់​ចំណូល​រវាង​អ្នកមាន និង​អ្នកក្រ ដើម្បី​ធានា​ឲ្យ​មាន​ស្ថិរភាព និង​ភាព​សុខដុមរមនា​នៅ​ក្នុង​សង្គម ៕

nmr