ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញពិនិត្យសំណង់ចេតីយ៍តម្កល់សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

មុនពិធីបុណ្យខួបគម្រប់១០០ថ្ងៃប្រារព្ធធ្វើឡើងនៅរសៀលនេះ នាព្រឹកថ្ងៃទី១១ សីហានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញធ្វើដំណើរទៅកាន់ទីកន្លែងបញ្ចុះសពដើម្បីគោរពវិញ្ញាណក្ខ័ន្ធសម្តេចឧត្តមទេពញាណ ហ៊ុន ណេង និងពិនិត្យមើលសំណង់ចេតីយ៍សម្តេចទេពញាណដែលកំពុងដំណើរការសាងសង់យ៉ាងស័ក្តសមនៅក្នុងបរិវេណវត្តសុវណ្ណគីរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
សូមបញ្ជាក់ថា ចេតីយ៍តម្កល់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវបានកសាងឡើងក្រោមរចនាបថសម័យទំនើបមានទំហំ១១ម៉ែត្របួនជ្រុង និងកម្ពស់៣៣ម៉ែត្រ បំពាក់ទៅដោយគ្រឿងរចនាបថខ្មែរ និងការស្ថាបនាសួនឧទ្យានភ្លើងបំពាក់ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត។
មកដល់ពេលនេះចេតីយ៍នេះ ស្ថាបនាហើយប្រមាណ ៣០ភារយ ដោយគ្រោងបញ្ចប់រយៈពេល១ឆ្នាំ។
ពិធីបុណ្យទក្ខិណានុបទានគម្រប់ខួប ១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់ដួងវិញញញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ប្រារព្ធឡើងនៅ១៤កើត ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១១ និងទី១២ ខែសីហា ឆ្នាំ២០២២។
ក្នុងសារចូលរួមរំលែកមរណទុក្ខពីគ្រប់មជ្ឍដ្ឋានបានចាត់ទុកការបាត់បង់រូបសម្តេចឧត្តមទេពញាណ គឺជាការបាត់បង់នូវលោកឪពុក លោកឪក្មេក និងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ ពិសេសក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈ មនសិកាក្នុងការបម្រើបុព្វហេតុជាតិ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃនៃនីតិរដ្ឋប្រកបដោយឧត្តមគតិខ្ពង់ខ្ពស់ជាអនេកប្បការជារហូតមក។
សម្តេចឧត្តមទេពញាណ ហ៊ុន ណេង មានស្នាដៃ និងបទពិសោធន៍ចូលរួមកសាង និងការពារជាតិប្រកបដោយសមត្ថភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស សម្តេចបានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ ដើម្បីរួមចំណែករំដោះជាតិ មាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងចូលរួមកសាងប្រទេសជាតិឡើងវិញរហូតទទួលបានការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ។
ដោយសារគុណបំណាច់ទាំងអស់នេះហើយ ភ្លាមៗបន្ទាប់ពីទទួលមរណភាព ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារជូនដល់ឯកឧត្តមហ៊ុន ណេង ជា«សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង»។ ក្នុងព្រះរាជសាររបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះរាជប្រទាននេះ ឆ្លើយតបយ៉ាងប្រត្យក្សទៅនឹងការចូលរួមរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ព្រមទាំងក្រុមគ្រួសារគ្រប់ជំនាន់ ក្នុងបុព្វហេតុរួមនៃការធានាកិច្ចការពាររបបរាជានិយម ការពារព្រះមហាក្សត្រ និងព្រះរាជបល្ល័ង្ក ដែលនេះជាភាពស្មោះត្រង់ក្នុងនាមប្រជាជនខ្មែរដែលគោរពចំពោះព្រះមហាក្សត្រ ចំពោះរាជបល្ល័ង្ក និងរបបរាជានិយមឥតងាករ៉េ។ ការត្រាស់បង្គាប់ផ្តល់គោរមងារជូនដល់សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង គឺជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ក្រៃលែងសម្រាប់ក្រុមគ្រួសារនៃសព៕
nmr