ព័ត៌មានថ្មីៗ

សមត្ថកិច្ចមិនផាកពិន័យពីរនាក់ប្តីប្រពន្ធបេីកបរល្មេីសវិធានការបិទខ្ទប់​ដោយសារខ្វះខាតផ្នែកជីវភាព

ភ្នំពេញ : ដោយមានបញ្ជាក់ហេតុផលច្បាស់លាស់​ ននិងមានបញ្ហាខ្វះខាតផ្នែកជីវភាពរបស់ឈ្មោះ​ស្ត្រីហេង​ អ៊ុក​ និងប្តី​ ដែលបេីកបរល្មេីសវិធានការបិទខ្ទប់​ មិនត្រូវបានធ្វេីការផាកពិន័យនោះទេ​
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោកសាន សុខសីហា បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែមេសា វេលាម៉ោង ១៧:៣០នាទី កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ បានធ្វេីការឃាត់មនុស្ស ២ នាក់ ពាក់ព័ន្ធលេីករណីល្មើសវិធានការបិទខ្ទប់រាជធានីភ្នំពេញ នៅត្រង់ចំណុចផ្លូវព្រះសីហនុ កែងផ្លូវព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដោយត្រូវបានកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយ លោក ម៉ុក ចន្ទ័ករុណា អភិបាលរងខណ្ឌ​ ដោយបានចេញប័ណ្ណផាកពិន័យដែលមាន រយ:ពេល៣០ថ្ងៃ ដោយទុកពេលឲ្យអ្នកល្មេីសមកបង់ប្រាក់ពិន័យ រហូតដល់រសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃេីញវីដេអូខ្លីបរបស់បងស្រី ដោយបាននិយាយអំពីមូលហេតុដែលគាត់ជិះចេញក្រៅល្មេីសនឹងវិធានការ ដេីម្បីយកទឹកដោះគោ​ និងម្ហូបទៅឲ្យកូនតូចរបស់គាត់​ ហេីយថែមទាំងបញ្ជាក់ប្រាប់ពីទុក្ខលំបាកនៃការខ្វះខាតក្នុងដំណាក់កាលនេះ ស្របពេលដែលគាត់ពីរនាក់ប្តីប្រពន្ធជាជាងសំណង់ផងនោះ​ ទេីបសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វេីការស្រាវជ្រាវរកគាត់ និងបានអញ្ជេីញគាត់មកសាលាខណ្ឌដូនពេញ ។
លោកសាន សុខសីហា បានបន្តថា ដោយឃេីញពីស្ថានភាពលំបាកជាក់ស្តែង និងហេតុផលច្បាស់លាស់ លោកអភិបាលខណ្ឌដូនពេញ បានសម្រេចមិនធ្វេីការផាកពិន័យគាត់នោះទេ ហេីយថែមទាំងផ្តល់អំណោយមួយចំនួនជូនគាត់ដេីម្បីដោះស្រាយជីវភាពក្នុងដំណាក់កាលនេះផងដែរ​ ។
ទាំង២នាក់ប្តីប្រពន្ធ​មានឈ្មោះដូចខាងក្រោម​ :
១.​ ឈ្មោះ ធឿន ប៊ុនធឿន ភេទប្រុស អាយុ​ ៣០ ឆ្នាំ មុខរបរជាងសំណង់
២.​ ឈ្មោះ ហេង អ៊ុក ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរជាងសំណង់
អ្នកទាំងពីរខាងលើស្នាក់នៅការដ្ឋានសំណង់ផ្លូវ ៥០ម៉ែត្រ​ ខណ្ឌមានជ័យ ជិះម៉ូតូមួយគ្រឿងម៉ាក C 125​ ពាក់ស្លាកលេខភ្នំពេញ​ ១FD- 1073 ។
គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃអនុវត្តវិធានការបិទខ្ទប់ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញពីថ្ងៃទី១៥ មេសា មកដល់ត្រឹមថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចបានពិន័យអន្តរការណ៍លើអ្នកល្មេីសវិធានការបិទខ្ទប់​ ចំនួន៣២១នាក់។
nmr