(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះសូទិន បានអញ្ជើញជួបសំណេះសំណាល និងបំពាក់មេដាយ ជូនដល់អតីតយុទ្ធជនស្រុកកោះសូទិន ខេត្តកំពង់ចាម ចំនួន១៣៥នាក់។
លោកវរសេនីយ៍ឯក អុឹម ឃឿន ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន ស្រុកកោះសូទិន ធ្វើរបាយការណ៍ជម្រាបជូនថា ដោយមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ប្រមុខថ្នាក់ដឹកនាំនិងដើម្បីឆ្លើយតបទៅនឹងពលីកម្មដ៏ស្មោះស្ម័គ្ររបស់អតីតយុទ្ធជនកម្ពុជា ដែលត្រូវបានចាត់ទុកថាជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុងឧត្តម និងមានគុណបំណាច់ដ៏ធំធេងចំពោះជាតិ មាតុភូមិ សម្តេចតេជោ ហ៊ុន សែន បានក្រានបង្គំទូលថ្វាយ ព្រះមហាក្សត្រ ប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស ដល់អតីតយុទ្ធជនកម្ពុជាចំនួន ៨៦,៩៣១ នាក់ នៅទូទាំងប្រទេស។ សម្រាប់ខេត្តកំពង់ចាម ទទួលបានមេដាយ ៣,១៤៩នាក់ ដែលត្រូវបានយកមកបំពាក់ជូនអតីតយុទ្ធជន។
ដោយឡែកក្នុងស្រុកកោះសូទិន ទទួលបានមេដាយចំនួន១៥២នាក់ ស្រី៦៧នាក់ មេដាយមាស ចំនួន៣២នាក់ មេដាយប្រាក់ ចំនួន១២០នាក់។ សម្រាប់ការបំពាក់ជូននាឱកាសនេះមានចំនួន ១៣៥នាក់ ស្រី៥៩នាក់ មេដាយមាស ចំនួន២៦នាក់ និងមេដាយប្រាក់ ចំនួន១០៩នាក់ មូលហេតុ ស្លាប់១៧នាក់ ស្រី០៨នាក់។
លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសម្ដែងនូវការរីករាយដោយបានជួបជាមួយអតីតយុទ្ធជនទាំងអស់ ធ្លាប់បានឆ្លងកាត់ការលំបាកទាំងក្នុងការកសាងប្រទេសផង ធ្វើចម្បាំងផង រហូតបានឈានមកដល់ដំណាក់កាលនេះ ហើយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែរំលឹក និងដឹងគុណចំពោះអតីតយុទ្ធជនទាំងអស់ ព្រោះអតីតយុទ្ធជនបានចូលរួមចំណែកធ្វើឲ្យមានថ្ងៃនេះដែរ។
លោករដ្ឋមន្រ្តី បានលើកឡើងថា សម័យសម្តេចតេជោ គឺអតីយុទ្ធជនដែលជាជនពិការ ឬជនមានពិការភាព នាពេលបច្ចុប្បន្ននេះ មិនមែនជាអ្នកដើរសុំគេដើម្បីផ្គត់ជីវភាពនោះទេ តែជនពិការមានចំណេះដឹង និងមានសមត្ថភាព ធ្វើកិច្ចការងារ តាមស្ថាប័នរដ្ឋ និងឯកជន ហើយជា ពិសេសនៅក្នុងព្រឹត្តការណ៍នៃការប្រកួតកីឡាជន ពិការប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបង្ហាញថាជនមានពិការភាពកម្ពុជា បានចូលរួមធ្វើការប្រកួតលើវិញ្ញាសារនានាជាច្រើន ហើយដណ្តើមបានមេដាយ មាស ប្រាក់ និងសំរីទ្ធ ជាមោទនភាពបំផុតសម្រាប់កម្ពុជា និងមានភាពភ្ញាក់ផ្អើលនិងកោតសរសើរចំពោះប្រទេសកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រទេសជាតិមានសុខ សន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលេីគ្រប់វិស័យ ក្នុងវិស័យអតីតយុទ្ធជនត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង តាំងពីគាត់នៅរស់រហូតដល់ស្លាប់ និងបន្តគិតគូរដល់គ្រួសារពួកគាត់ទៀតផង។
ទាក់ទងទៅសំណូមពរមួយចំនួនរបស់គ្រួសារអតីតយុទ្ធជន លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ នឹងធ្វើរបាយការណ៍គោរពជម្រាបជូនទៅសម្តេចតេជោ ហ៊ុន សែន បានជម្រាបនឹងមានដំណោះស្រាយបន្តបន្ទាប់ជូនដល់គ្រួសារអតីតយុទ្ធជន។
ក្នុងឱកាសនោះ លោក ខៀវ កាញារីទ្ធ បានជូនថវិកាដល់អតីតយុទ្ធជនស្រុកកោះសូទិន ខេត្តកំពង់ចាម ចំនួន១៣៥នាក់ ដោយក្នុងម្នាក់ៗ៥មុឺនរៀល។ ចំពោះគ្រួសារពលីពិការ ចំនួន៥៣នាក់ ក្នុងម្នាក់១០ម៉ឺនរៀល និងជូនដល់សាលាស្រុកកោះសូទិន ចំនួន១លានរៀល៕