(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តាមរយៈវីដេអូខ្លីមួយដែលបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានពន្យល់នូវអ្វីដែលមិនប្រែប្រួល និងអ្វីដែលប្រែប្រួល សម្រាប់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេលជាង ៤០ឆ្នាំ ក្នុងការដឹកនាំប្រទេស។
លោកបណ្ឌិតបានលើកឡើងថា អ្វីដែលដដែលសម្រាប់គណបក្សប្រជាជនកម្ពុជា ទី១ គឺរក្សាឈ្មោះដដែល «ស្លាប់មិនដូរឈ្មោះ រស់មិនដូរត្រកូល»។ គណបក្សប្រជាជនកម្ពុជា នៅតែរក្សាឈ្មោះជាគណបក្សរបស់ប្រជាជនកម្ពុជា។ ទី២ គឺបុព្វហេតុរបស់គណបក្សប្រជាជនកម្ពុជា មិនដូរនោះទេ គ្រប់កាលៈទេសៈទាំងអស់ គឺត្រូវបម្រើជាតិ និងប្រជាជន។
លោកបន្តថា អ្វីដែលផ្លាស់ប្តូរ និងប្រែប្រួលនោះ គឺការកែទម្រង់គោលនយោបាយ ប្រែប្រួលគ្រប់កាលៈទេសៈ ដើម្បីឲ្យជាតិខ្លាំង ប្រជាជនខ្លាំង។
លោកបណ្ឌិតបានបញ្ជាក់ទៀតថា «គណបក្សប្រជាជនកម្ពុជា យើងដូរខ្លួនឯង ដូរជានិច្ចកាលតាមកាលៈទេសៈ ដើម្បឲ្យប្រទេសយើងអភិវឌ្ឍន៍ នេះហើយការផ្លាស់ប្តូរពិតប្រាកដ មិនត្រូវផ្លាស់ប្តូរឲ្យតែលឺ ដូចឈ្មោះដដែលសុំដូរសាកល្បង កុំអី! ត្រូវគិតមើលមានលទ្ធផលឬអត់? បើសិនជាអ្នកដឹកនាំប្រទេសគណបក្ស មិនបានបង្កើតលទ្ធផល ប្តូរលទ្ធផលដើម្បីបម្រើប្រជាជនយ៉ាងល្អ ចាំដូរទៅ តែបើគណបក្សមួយ ដឹកនាំប្រទេសបង្កើតលទ្ធផល សមិទ្ធផលថ្មីៗ ឲ្យប្រជាពលរដ្ឋរហូត នេះហើយការប្រែប្រួលការផ្លាស់ប្តូរ ដែលវិជ្ជមានសម្រាប់ប្រជាជន ជឿទុកចិត្តចុះ ហើយជឿទុកចិត្តគណបក្សប្រជាជនកម្ពុជាចុះ យើងនឹងបន្តធ្វើយ៉ាងណាផ្លាស់ប្តូរនូវសមិទ្ធផលថ្មីៗ ទំនើបកាន់តែល្អជូនប្រជាជាតិយើង ប្រជាជនយើងតទៅទៀតនេះ ជាការប្តេជ្ញាចិត្ត គោលនយោបាយរបស់យើង»។
លោកបន្តថា «គណបក្សប្រជាជនកម្ពុជា ឈ្មោះដដែល បុព្វហេតុដដែល តែលទ្ធផលមិនដដែលទេ កែទម្រង់វិធីសាស្ត្រដើម្បីបម្រើប្រជាជន ឲ្យកាន់តែប្រសើរ នេះហើយបក្សយើង ជឿចុះ សប្បាយចិត្តចុះ រីកចម្រើនគ្រប់ជំនាន់»៕