ព័ត៌មានថ្មីៗ

ឯកអគ្គរដ្ឋទូតថ្មីសឹង្ហបុរី ចង់ស្វែងយល់លើកិច្ចការគ្រប់គ្រងសំរាម និងទឹកស្អាតកម្ពុជា

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រូវនឹងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១ បានអនុញ្ញាតិអោយ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបូរីថ្មី ប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម ។ ក្នុងឱកាសទើបតែត្រូវបានបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតថ្មីនៃលោកជំទាវបានមានប្រសាសន៍ថា ក្រៅពីការសម្តែងនូវគាវរកិច្ច លោកជំទាវក៏ចង់សិក្សាស្វែងយល់បន្ថែមនូវលទ្ធភាពក្នុងការពង្រឹងកិច្ចសហការរវាងប្រទេសទាំង២អោយកាន់តែប្រសើរ ជាពិសេស លើកិច្ចការងារគ្រប់គ្របសំរាម ទឹកស្អាត និងការពង្រឹងសមត្ថភាពមន្ត្រី។
លោកជំទាវសង្ឃឹមថា នៅពេល ខាងមុខនេះ អាចនឹងមានការរៀបចំទស្សនកិច្ចផ្លូវការ កម្រិតបច្ចេកទេស និងកម្រិតនយោបាយ ដើម្បីចែករំលែកបទពិសោធន៍រវាងកម្ពុជា និងសិង្ហបូរី លើវិស័យសំខាន់ៗនានា ជាអាទិ៍ បរិស្ថាន នគរូបនីយកម្ម និងទូរគមនាគមន៍ ព្រមទាំងដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ៕
nmr