ព័ត៌មានថ្មីៗ

ក្រោយបាន​ប្រព្រឹត្ត​ទង្វើរ​និងអំពី​ពុក​រលួយជា​ច្រើនត្រូវបានបញ្ចប់មុខតំណែង អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ !

ខេត្តកំពង់ស្ពឺ​ ៖ លោក​ឧត្តមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ បាន​ប្រាប់​​​ឱ្យដឹងនៅ​ព្រឹក​ថ្ងៃ​ទី​១២ ​សីហា ​នេះ​ថា លោក​បាន​ចាត់​ឱ្យ​លោកស្នងការ​រង​ទទួល​ផែន បុគ្គលិក​ចុះ​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​ និង​ធ្វើការ​ដក​លោក​វរសេនីយ៍ត្រី អ៊ុំ ចំរើន អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ មក​បញ្ឈរជើង​ហើយ យោង​តាម​ពាក្យបណ្តឹង​របស់​មន្ត្រី​ថ្នាក់​ក្រោម​។ សូមរំលឹកថា៖ លោក​អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ ត្រូវ​កូនចៅ​ប្តឹង​ទៅ​​សម្ដេច​ក្រឡាហោម ស ខេ​ង​ ប្តូរលោកចេញ​

សូម​រំលឹក​ផង​ដែរ​ថា ​មន្ត្រី​នគរបាល​ក្រោម​ឱវាទ​ជា​ច្រើន​នាក់​នៅ​ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ រាប់​ទាំងពី​លោក​អធិការរង ប្រធាន​ផ្នែក នាយ​រង​ផ្នែក និង​នាយ​នគរបាល​តាម​បណ្តាល​ប៉ុស្តិ៍​រដ្ឋបាល​ផង​នោះ បាន​រួម​គ្នា​ដាក់​ពាក្យបណ្ដឹង ទៅ​កាន់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​, ឯកឧត្តម នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧត្តមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ធ្វើការ​ស្នើ​សុំ ឲ្យ​ផ្លាស់​ប្តូរ​អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ លោក អ៊ុំ ចំរើន ចេញ​ដោយសារ​តែ​លោក​អធិការ រូប​នេះ បាន​ប្រព្រឹត្ត​កំហុស​និង អំពី​ពុក​រលួយ ជា​ច្រើន ដែល​ពួក​គាត់​មិន​អាច​ទទួលយក​បាន និង​មិន​ព្រម​ឲ្យ​បន្ត​កាន់​តំណែង​ជា​អធិការ​នគរបាល​ស្រុក ប​សេដ្ឋ​តទៅ​ទៀត​នោះ​ទេ​។

យោង​តាម​ពាក្យបណ្តឹង របស់​មន្ត្រី​នគរបាល​ស្រុក​ប​សេដ្ឋ ដែល​អ្នក​សារ ព័ត៌មាន ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២១​នេះ បាន​រៀបរាប់​ថា លោក អ៊ុំ ចំរើន មាន​ឋានន្តរស័ក្តិ វរសេនីយ៍ត្រី ជា​អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ បាន​ប្រព្រឹត្ត​ទ​ង្វើ​មួយ​ចំនួន​មាន​ដូច​ជា​៖

ទី​០១.​រាល់​ការ​តែងតាំង និង​ផ្លាស់​ប្ដូរ​មុខងារ​មន្ត្រី​ក្រោម​ឱវាទ តែង​ទាមទារ​លាភសក្ការៈ ពោល​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន

ទី​០២.​ចំពោះ​ការងារ​កសាង​អង្គភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​វិញ គ្មាន​រីក​ចម្រើន​ទាល់តែ​សោះ

ទី​០៣.​មិន​ឲ្យ​តម្លៃ​ដល់​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន ដឹកនាំ​ខ្វះ​ក្រមសីលធម៌ ហើយ​គ្មាន​ការ​ទទួលខុសត្រូវ

ទី​០៤.​ចំពោះ​ចរិត​ឫកពា​មិន​សមជា​ថ្នាក់ដឹកនាំ ឬ​មិន​ធ្វើ​ជា​គំរូ​ដល់​កូនចៅ ជា​រឿយ​ៗ​បាន​ជេរ​ប្រមាថមើលងាយ​កូនចៅ​ក្រោម​ឱវាទ តាម​វិទ្យុទាក់ទង មិន​ស្គាល់​ចាស់​ស្គាល់​ក្មេង និយាយ​អួត​ក្អេងក្អាង​ថា ខ្លួន​មាន​តួនាទី​ធំ និង​មាន​អ្នក​នៅ​ពីក្រោយ​ខ្នង​ជា​អ្នកធំ​ផង​ដែរ​។ ជាមួយ​គ្នា​នេះ ក្រុម​មន្ត្រី​នគរបាល​ទាំងនេះ បាន​ចោទ​ថា លោក​វរសេនីយ៍ត្រី អ៊ុំ ចំរើន គ្មាន​ភាព​ជា​អ្នកដឹកនាំ​ឡើយ ជា​ពិសេស​ខ្វះ​សាមគ្គីភាព​ផ្ទៃក្នុង​យ៉ាង​ខ្លាំង ជា​ហេតុ​នាំ​ឲ្យ​សុំ​ធ្វើការ​ផ្លាស់​ប្តូរ​ចេញ ដាក់​អធិការ​ថ្មី​ជំនួស​វិញ​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា កន្លង​មក​លោក អ៊ុំ ចំរើន រូប​នេះ​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ស៊ីសំណូកសូកប៉ាន់ ធ្វើការ​ដោះ​លែង ក្រុម​ជនល្មើស​គ្រឿងញៀន ជា​ច្រើន​ករណី​ក្រៅ​ប្រព័ន្ធ​តុលាការ​មិន​រាយការណ៍​ទៅ​ថ្នាក់លើ​នោះ​ទេ​៕​

nmr