ជីវិតនិងសង្គម ព័ត៌មានជាតិ

បុរសម្នាក់ប្រើហឹង្សាមកលើម្ដាយក្មេកដោយយកកាំបិតចាក់ចំភ្នែកព្រោះខឹងសប្បាថាបំបែកប្រពន្ធខ្លួនឱ្យទៅមានប្រុសថ្មី

ខេត្តក្រចេះ៖បុរសម្នាក់ព្រោះតែកំហឹងគ្មានមូលដ្ឋានច្បាស់លាស់បានធ្វើសកម្មភាពយកកូនកាំបិតចាក់ទៅលើម្ដាយក្មេកចំភ្នែកខាងឆ្វេងបណ្ដាលឱ្យរងរបួសព្រោះតែចោទប្រកាន់ថាស្ត្រីជាម្ដាយក្មេកមានផែនការបំបែកខ្លួនពីប្រពន្ធហើយឱ្យទៅរៀបការជាមួយប្រុសថ្មី។
យ៉ាងណាក៏ដោយក្រោយកើតហេតុមន្ត្រីនគរបាលបានចាប់ខ្លួនបុរសជាកូនប្រសានាំយកទៅឃុំខ្លួននៅអធិការរដ្ឋាននគរបាលស្រុកដើម្បីចាត់ការបន្ត។
មន្ត្រីនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកស្នួល បានចុះចាប់ឃាត់ ខ្លួនបុរសដៃដល់ជាកូនប្រសាម្នាក់បានភ្លាមៗបន្ទាប់ពីជននេះបានធ្វើសកម្មភាពយកកាំបិតចាក់លើស្រ្តីរងគ្រោះជាម្តាយក្មេកបណ្តាលឱ្យត្រូវរបួសធ្ងន់ចំភ្នែកខាងឆ្វេង ក្រោយពីមានការប្រតាយប្រតប់គ្នាមួយប្រាវ ។ ស្ត្រីជាម្ដាយក្មេកដែលរងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យស្រុកស្នួលភ្លាមៗផងដែរ។

មន្ត្រីនគរបាលនៃអធិការរដ្ឋាននគរបាលស្រុកស្នួលបានឲ្យដឹងថា ដើមចមដែលឈានឱ្យមានរឿងនេះក៏ ដោយសារតែបុរសដៃដល់ជាកូនប្រសា ខឹងស្រ្តីរងគ្រោះជាម្តាយក្មេកថាមានចេតនាចង់បំបែកប្រពន្ធរបស់ខ្លួន ចេញពីរូបខ្លួនឱ្យទៅយកប្តីថ្មី។ ករណីហិង្សាដោយ ចេតនាមានស្ថានទម្ងន់ ទោស(ចាក់នឹងកូនកាំបិត) និង ប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ បានកើតឡើងកាលពីព្រលប់ថ្ងៃទី២៥ ខែឧសភា នៅចំណុចដំណាក់ស្តេច ស្ថិតនៅភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យជាកូនប្រសា ឈ្មោះ រឹម សុផា(ហៅជាងម៉ៅ) អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ចំណែកឯស្រ្តីរងគ្រោះជាម្តាយក្មេកឈ្មោះ លឹម រ៉េត ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួននៅអធិការរដ្ឋាននគរបាលស្រុកស្នួលដើម្បីកសាងសំណុំ រឿងចាត់ការបន្តតាមនីតិវិធី៕

 

nmr