ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ត្រង់កន្លែងអកហ្សឺភ្លើងសញ្ញា នៅផ្លូវបំបែកជាបួន ឬកន្លែងដែលមានភ្លើងស្តុបមន្ត្រីជាន់ខ្ពស់នគរបាលជាតិ បានណែនាំថា ៖ ១- ករណីភ្លើងស្តុប (ក្រហម) ៖ បើសិនភ្លើងស្តុបពណ៌ក្រហម អ្នកបើកបរបត់ស្តាំក្នុងស្ថានភាពគ្មានគ្រោះថ្នាក់ សូមកុំផាកពិន័យ, ២- ករណីភ្លើងលឿង ៖ នៅពេលអ្នកបើកបរជិះហួសគំនូសផ្លូវដើរ ទើបលោតភ្លើងលឿង ក៏សូមកុំផាកពិន័យ គឺត្រូវអប់រំណែនាំ, ៣- ចំណែកនគរបាលនៅតាមគោលដៅសម្រួលចរាចរណ៍ សូមកុំធ្វើឲ្យក្លាយទៅជាគោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍រឹងមាំ ហួសហេតុពេក

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការណែនាំមកដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តឲ្យមានការយោគយល់ចំពោះបញ្ហាចរាចរណ៍កម្រិតស្រាលបំផុតទៅដល់អ្នកប្រើប្រាស់យានយន្តនៅលើដងផ្លូវ ត្រង់កន្លែងអកហ្សឺភ្លើងសញ្ញា នៅផ្លូវបំបែកជាបួន ឬកន្លែងដែលមានភ្លើងស្តុប។

សេចក្ដីណែនាំឲ្យមានការយោគយល់ចំពោះកំហុសកម្រិតស្រាលបំផុតនេះ បានធ្វើឡើងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ គឺអគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំបន្ថែម ដល់នគរបាលចរាចរណ៍ ដែលចាប់ផាកពិន័យប្រជាពលរដ្ឋ នៅតាមគោលដៅនានា សូមឱ្យពិនិត្យមើលថា តើជាការជ្រុលដំណើរដោយអចេតនា ឬមានឧបសគ្គរារាំងនៅពីមុខយានយន្ត ទើបបានជានាំឱ្យអកហ្សឺ ធ្វើឱ្យយានយន្តនោះត្រូវឈប់នៅលើចំណុចគំនូសថ្មើរជើង?!

តាមរយៈសារសំឡេងមន្ត្រីជាន់ខ្ពស់នគរបាលជាតិ ដែលត្រូវបានផ្ញើទៅកាន់បណ្ដាញផ្សព្វផ្សាយ និងបណ្ដាញសង្គមតៗគ្នា បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ មន្ត្រីជាន់ខ្ពស់នគរបាលជាតិ បានណែនាំថា ៖

១- ករណីភ្លើងស្តុប (ក្រហម) ៖ បើសិនភ្លើងស្តុបពណ៌ក្រហម អ្នកបើកបរបត់ស្តាំក្នុងស្ថានភាពគ្មានគ្រោះថ្នាក់ សូមកុំផាកពិន័យ,

២- ករណីភ្លើងលឿង ៖ នៅពេលអ្នកបើកបរជិះហួសគំនូសផ្លូវដើរ ទើបលោតភ្លើងលឿង ក៏សូមកុំផាកពិន័យ គឺត្រូវអប់រំណែនាំ,

៣- ចំណែកនគរបាលនៅតាមគោលដៅសម្រួលចរាចរណ៍ សូមកុំធ្វើឲ្យក្លាយទៅជាគោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍រឹងមាំ ហួសហេតុពេក។

ការណែនាំបន្ថែមរបស់មន្ត្រីជាន់ខ្ពស់នគរបាលជាតិ បានធ្វើឡើងបន្ទាប់ពីមន្ត្រីនគរបាលចរាចរណ៍ នៅតែផាកពិន័យពលរដ្ឋខុសពីការណែនាំ របស់ថ្នាក់លើ ហើយក៏មានការប្តឹងពីប្រជាពលរដ្ឋ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ, ដូច្នេះទើបអគ្គស្នងការដ្ឋាននគរបាលជាតិ ពិនិត្យមើលហេតុផលសមស្រប និងបានណែនាំឱ្យពិនិត្យមើលអ្នកបើកបរយានយន្តពីកំហុសស្រាលបំផុត ទៅជាការសម្រួលចរាចរណ៍វិញ ដូចបញ្ហា ៣ ចំណុចខាងលើ៕

nmr