ខណៈពួកអគតិ បានយកប្រព័ន្ធឌីជីថល បំប៉ោងព័ត៌មានក្លែងក្លាយផ្ទុយពីការពិត ចោទប្រកាន់មកលើ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់បក្សប្រជាជនកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធាន គណបក្សប្រជាជន និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល បានជំរុញដល់សមាជិក-សមាជិកាបក្ស ត្រូវវាយបកទៅវិញឲ្យឆាប់រហ័ស និងចំគោលដៅ ដើម្បីកុំឲ្យប្រជាពលរដ្ឋមាន ការភ័ន្តច្រលំមកលើរាជរដ្ឋាភិបាល។
មានប្រសាសន៍ក្នុងពិធីបិទសិក្ខាសាលាស្តីពី«ការចែករំលែក និងការផ្លាស់ប្តូរបទពិសោធន៍លើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល» នៅថ្ងៃទី១៤ ខែសីហាម្សិលមិញ ស្ថិតក្នុងទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល បានថ្លែងថា តួនាទីដ៏សំខាន់របស់គណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ និងយន្តការបក្សនានាក្នុងការអនុវត្តតួនាទីភារកិច្ចប្រកបដោយឆន្ទះមោះមុត និងទទួលខុសត្រូវខ្ពស់ គឺជាការចូលដ៏មានសារៈសំខាន់ ក្នុងជ័យជំនៈរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណិត្តទី៥ ឆ្នាំ២០២២ កាលពីខែមិថុនាកន្លងទៅ ដែលបានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រស្មើនឹង ៧៤.៣២% នៃសន្លឹកឆ្នោតបានការសរុប។ ជ័យជំនេះ បង្ហាញថា បក្សប្រជាជនកម្ពុជា នៅតែជាគណបក្សនយោបាយតែមួយគត់ ដែលប្រជាជពលរដ្ឋជឿទុកចិត្តលើការដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
យ៉ាងណាក្តី ជាមួយជោគជ័យនេះ មជ្ឈដ្ឋានជនអគិតនៅតែបន្តធ្វើសកម្មភាពជាប្រចាំតាមរយៈការផ្សព្វផ្សាយ វាយប្រហារឥតឈប់ឈរពីចំណុចអវិជ្ជមាន បំភ្លៃព័ត៌មានមួលបង្កាច់មកលើរាជរដ្ឋាភិបាល ជាពិសេសធ្វើឡើងតាមប្រព័ន្ធឌីជីថល ក្នុងន័យនេះ សម្តេចវិបុលសេនាភក្តីសាយ ឈុំ បានជំរុញដល់សមាជិក-សមាជិការបក្សប្រជាជនត្រូវវាយបកទៅឲ្យបានរហ័សក្នុងសមរភូមិឌីជីថល ដោយតាក់តែងខ្លឹមសារ ដែលមានលក្ខណៈទាក់ទាញ ខ្លីខ្លឹម និងច្បាស់លាស់ ដើម្បីងាយបញ្ជ្រាបដល់ប្រជាជន ជឿទុកចិត្ត និងគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល៕