ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

អតីតសកម្មជនគណបក្សភ្លើងទៀន និងសមាជិកថ្មីចំនួន ៤៥៨នាក់ នៅឃុំកុមារាជា ស្រុកបាទី ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា!

កាលពីរសៀលថ្ងៃអាទិត្យទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ អតីតសកម្មជនគណបក្សប្រឆាំង ជាពិសេសយុវជន យុវនារី ៤៥៨នាក់ ក្នុងឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ បានស្ម័គ្រចិត្តដោយសុទ្ធចិត្តចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលពួកគាត់បានយល់ច្បាស់ពីគោលនយោបាយ និងសកម្មភាពនៃអំពើល្អរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។
ពិធីបញ្ចូលសមាជិកថ្មីនេះ បានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទីខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកុមាររាជា ស្រុកបាទី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ លោកអភិបាល អភិបាលរង និងលោកប្រធានក្រុមប្រឹក្សាស្រុកបាទី ប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សឃុំ សាខាបក្សទាំង១៣ភូមិ ក្រុមការងារការិយាល័យបោះឆ្នោត ប្រជាការពារ ជាពិសេសយុវជន និងសមាជិកសមាជិកា និងអ្នកចូលរួមទាំងអស់ប្រមាណ៦០០នាក់។
ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ បានជម្រាបជូនអង្គពិធីអំពីការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ក៏ដូចជា ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងារចុះជួយស្រុកបាទី ខេត្តតាកែវ ជូនចំពោះសមាជិក សមាជិកាថ្មី និងអង្គពិធីទាំងមូលដែលបានចូលរួមក្នុងកម្មវិធីនេះផងដែរ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ បានថ្លែងថា ប្រទេសជាតិយើងមានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរដូចសព្វថ្ងៃនេះ គឺដោយសារកត្តាសុខសន្តិភាពដែលកើតឡើងដោយសារគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានបន្តថា សន្តិភាពនិងការអភិវឌ្ឍកើតឡើងទៅបាន ក៏ដោយសារមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជារៀងរាល់អាណត្តិផងដែរ។
នៅក្នុងឱកាសនោះផងដែរ តំណាងយុវជនដែលទើបចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តំណាងឱ្យសមាជិក សមាជិកាថ្មីទាំង៤៥៨នាក់ បានឡើងធ្វើការប្តេជ្ញាចិត្ត គោរពស្រឡាញ់គណបក្សប្រជាជនកម្ពុជា គោរពតាមគោលនយោបាយនិងលក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា ខិតខំអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាសមាជិល្អនៅក្នុងសង្គម ប្រឆាំងដាច់ខាតរាល់ការចោទប្រកាន់ទាំងឡាយមកលើគណបក្សប្រជាជនកម្ពុជា ចូលរួមថែរក្សា ការពារសុខសន្តិភាព ការអភិវឌ្ឍជាតិ និងប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាង និងនៅអាណត្តិជាបន្តបន្ទាប់ទៀត។
ក្រោយពីបញ្ចប់កម្មវិធី សមាជិក សមាជិកា ទាំងអស់ រួមជាមួយអង្គពិធីទាំងអស់ បានចូលរួមពិសាអាហារសាមគ្គី ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត៕
nmr