សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញពីបំណងចង់បង្រៀនដោយផ្ទាល់ដល់មន្ត្រីគណបក្សប្រជាជនកម្ពុជាលើកទ្រឹស្តីចំនួន៣ ដើម្បីឲ្យមន្ត្រីបក្សប្រជាជនចេះវិភាគត្រូវនឹងសភាពការណ៍។ សម្តេចចាត់ទុកការចេះវិភាគត្រូវនឹងសភាពការណ៍គឺជារឿងចាំបាច់បំផុត ដែលសម្តេចធៀបថា បើវិភាគមិនត្រូវសភាពការណ៍ ដូចគ្រូពេទ្យដាក់ថ្នាំមិនត្រូវនឹងប្រភេទជំងឺដូច្នោះដែរ។
ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំដែលបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានជាតិអប់រំ កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហើបឲ្យដឹងថា សមត្ថភាពវិភាគរបស់មន្ត្រីមួយចំនួននៅមានកម្រិត ដូច្នេះសម្តេចមានបំណងចង់បង្រៀនដោយផ្ទាល់ដល់មន្ត្រីគណបក្សប្រជាជនដើម្បីឲ្យចេះវិភាគត្រូវសភាពការណ៍។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបង្ហើបឲ្យដឹងទៀតថា ក្នុងការវិភាគរបស់សម្តេចគឺប្រើវិធីសាស្ត្រចំនួន៣ ទី១ វិចារណវិជ្ជា ទី២ ទស្សនៈប្រវត្តិសាស្ត្រ និងទី៣ កត្តវិជ្ជា។
សម្តេចតេជោអះអាងថា វិធីសាស្រ្ដក្នុងការវិភាគត្រឹមត្រូវ ពិតជាមានសារៈសំខាន់សម្រាប់មន្រ្ដី ជាពិសេសទាក់ទងទៅនឹងការវិភាគសភាពការណ៍ និងស្ថានការណ៍នានា ដែលអាចនឹងកើតមានឡើង។
សម្ដេចតេជោបញ្ជាក់ថា បច្ចុប្បន្នគណបក្សប្រជាជនមានការបណ្តុះបណ្តាលលើការវិភាគនេះហើយ ប៉ុន្ដែមានចំណុចសំខាន់ៗមួយចំនួនទៀត គឺសម្ដេចចង់បង្រៀនដោយផ្ទាល់តែម្ដងដោយសារតែជាបទពិសោធន៍ផ្ទាល់របស់សម្ដេចបាននិពន្ធចេញមក ជាពិសេសវិធីសាស្រ្ដក្នុងការដឹកនាំដើម្បីទុកជាមូលដ្ឋានគ្រឹះសំខាន់សម្រាប់មន្រ្ដីរាជការក្នុងការអនុវត្តការងាររបស់ខ្លួនឱ្យបានល្អដល់ប្រជាពលរដ្ឋ៕