ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ ព័ត៌មាននយោបាយ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : គណបក្សប្រជាជនកម្ពុជា គឺមិនប្តូរបុព្វហេតុ ៖ កើតដោយសារប្រជាជន បម្រើប្រជាជន និងដើម្បីប្រជាជន

ភ្នំពេញ : ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ នញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺមិនប្តូរបុព្វហេតុ៖ កើតដោយសារប្រជាជន បម្រើប្រជាជន និងដើម្បីប្រជាជន ជាពិសេស គឺមិនប្តូរឈ្មោះ៖ ដើម្បីជាតិខ្មែរ និងប្រជាជនកម្ពុជា ហើយក៏មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តជួយសង្គ្រោះ និងបន្តផ្តល់ឱកាសអភិវឌ្ឍន៍ ដើម្បីបំពេញតម្រូវការរបស់ប្រជាជនគ្រប់ៗគ្នាក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
ការបញ្ជាក់របស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធវិហារអាល់រ៉ស់ម៉ះ និងសមិទ្ធផលនានា ស្ថិតនៅភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា មានស្នាដៃជាច្រើនក្នុងបុព្វហេតុជាតិមាតុភូមិ គឺ : ទី១. បានជួយរំដោះប្រទេស និងសង្គ្រោះជីវិតប្រជាពលរដ្ឋ ក៏ដូចជាគ្រប់សាសនាទាំងអស់ឱ្យរស់ឡើងវិញ។ ទី២. បានផ្តល់នូវសិទ្ធិ និងឱកាសដូចៗគ្នា ក្រោមម្លប់នៃសន្តិភាពរួមគ្នា។ ទី៣. បានជួយសង្គ្រោះជីវិតក្នុងពេលមានគ្រោះអាសន្ន ជាពិសេសការរាតត្បាតនៃជំងឺកូវីដ-១៩ និងទី៤. ឱកាសនៃការអភិវឌ្ឍ រួមមាន ការសិក្សារៀនសូត្រ សេវាសុខាភិបាល និងគ្រប់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់បម្រើឱ្យសេចក្តីត្រូវការរបស់សង្គមជាតិ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា សមិទ្ធផលទាំងអស់នេះ គឺបានកើតឡើងមិនមែនដោយចៃដន្យនោះទេ ប៉ុន្តែដោយសារគោលនយោបាយដ៏ច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើប្រជាពលរដ្ឋ។ គោលនយោបាយទាំងនេះ ពិតជាបានធ្វើឱ្យប្រជាជនមានសុភមង្គល និងជីវភាពធូរធា ពីព្រោះមានថ្នាក់ដឹកនាំដែលគិតបានសព្វគ្រប់ជ្រុង ជ្រោយតាមវិធីសាស្ត្រ “មើលព្រៃទាំងមូល”។
nmr