ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អបអរសាទរ វីរកីឡាការិនី ខាន់ ចេសា ដណ្ដើមបានមេដាយមាសកីឡាជឺជីតស៊ូជើងឯកពិភពលោក នៅអារ៉ាប់រួម

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងនៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចនៅយប់ថ្ងៃទី២ ខែវិច្ឆិកានេះថា កីឡាការិនីជឺជីតស៊ូកម្ពុជា ខាន់ ចេសា ដណ្ដើមបានមេដាយមាស នៃការប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោក Ju-Jitsu World Championship – Abu Dhabi 2022 ហើយ ក្រោយយកឈ្នះកីឡាការិនីអេស្ប៉ាញ Matthews Martin Naiomi ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម។
សម្រាប់ការប្រកួតលើវិញ្ញាសា Jiu Jitsu (Newaza) ទម្ងន់ក្រោម ៥២គីឡូក្រាម ធ្វើបានយ៉ាងល្អ ក្នុងនាមកីឡាការិនីឈរចាំនៅជុំទី២ ដោយកញ្ញាបានយកឈ្នះគូប្រកួត ដោយផ្ដួលឲ្យបោះបង់ការប្រកួតចំនួន ៣ប្រកួតជាប់គ្នា ពោលគឺ ចេសា បានផ្ដួលកីឡាការិនីហ្វីលីពីន Baluyot Ashley Jeraine នៅជុំទី២ (១៦នាក់ចុងក្រោយ), ផ្ដួលកីឡាការិនីម្ចាស់ផ្ទះអារ៉ាប់រួម Shraim Maitha នៅជុំទី៣ (វគ្គ ៨នាក់ចុងក្រោយ) និងផ្ដួលកីឡាការិនីអ៊ីស្រាអ៊ែល Aronov Pnina នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីថ្ងៃមិញ។
ឈានដល់វគ្គផ្ដាច់ព្រ័ត្រ កីឡាការិនីកូនកាត់ ៣សាសន៍ (ខ្មែរ-អាមេរិក-ម៉ិកស៊ិក) នៅតែរក្សាភាពខ្លាំងរបស់ខ្លួន ដោយ ខាន់ ចេសា បានប្រើស្នៀតពិសេស ចាប់ឃ្លេកីឡាការិនីជើងខ្លាំងអេស្ប៉ាញ Matthews Martin Naiomi ជាប់ពេញរយៈពេល ៦នាទី ដែលនាំឲ្យគណៈកម្មការផ្ដល់ជ័យជម្នះដល់កីឡាការិនីវ័យ ២១ឆ្នាំរបស់កម្ពុជា ដើម្បីគ្រងមេដាយមាស នៃការប្រកួតជើងឯកពិភពលោក ឆ្នាំ២០២២ ជូនប្រទេសកម្ពុជា៕
nmr