ខេត្តព្រះសីហនុ ៖ កម្លាំងជំនាញ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានស្រាវជ្រាវចេញពួនស្ទាក់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាជាតិវៀតណាម នៅចំណុចម្តុំចំការស្ពៃ ស្ថិតក្នុងសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ពីបទឆក់កាបូបយួរដៃពីជនរងគ្រោះជាមន្រ្តីគយកំពង់ផែស្វយ័តខេត្តព្រះសីហនុ ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងប្រហែល២២និង០០នាទី នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ ម្ចាស់កាបូប បានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានជនសង្ស័យបានឆក់កាបូបរបស់គាត់ នៅចំណុចផ្លូវក្រោយផ្សារទំនើប Orange ស្ថិតក្នុងសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ជនរងគ្រោះ ឈ្មោះ ផង់ ចាន់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្ត្រីគយ កំពង់ផែស្វយ័តខេត្តព្រះសីហនុ ស្នាក់នៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
សម្ភារដែលបាត់បង់រួមមាន ៖ កាបូបយួរដៃ ម៉ាក LV ចំនួន ០១, កាបូបលុយ តូចម៉ាក POLO ពណ៌ខ្មៅ ចំនួន ០១, កូនសោរថយន្ត ចំនួន ០១, សម្គាល់ខ្លួននិងកាតធនាគារមួយចំនួន, លុយអាមេរិក ចំនួន ៩០០ (ប្រាំបួនរយ)ដុល្លារ (នៅក្នុងកាបូបលុយ ម៉ាក POLO), លុយខ្មែរ ចំនួនប្រហែល ៦លានរៀល (នៅក្នុងកាបូបយួរដៃម៉ាក LV)។
ជនសង្ស័យឈ្មោះ NGCLYEN LE CHANH ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម (លិខិតឆ្លងដែនមិននៅជាប់ខ្លួន)។
សម្ភារដែលដកហូតបានរួមមាន ៖ ទូរស័ព្ទដៃ ចំនួន៣គ្រឿង ▪️iPhone (ជារបស់ជនសង្ស័យ), ▪️OPPO និង Samsung (ជារបស់ជនរងគ្រោះ), ម៉ូតូ ១គ្រឿង ម៉ាក Nex ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1O-4835 (មធ្យោបាយធ្វើសកម្មភាព), លុយខ្មែរ ប្រហែល 20ម៉ឺនរៀល, លុយអាមេរិក ប្រហែល 860$ (ក្រដាស 100 ចំនួន 8សន្លឹក, ក្រដាស 50$ ចំនួន 1សន្លឹក, ក្រដាស 10$ ចំនួន 1សន្លឹក) – ក្នុងនោះ ជារបស់ជនរងគ្រោះ 800$, កូនសោររថយន្ត ចំនួន 1 (របស់ជនរងគ្រោះ), អត្តសញ្ញាណប័ណ្ណ 1សន្លឹក (របស់ជនរងគ្រោះ), កាត ATM 2សន្លឹក ( ABA , Canadia ) (របស់ជនរងគ្រោះ), កាតសមាជិកបក្សប្រជាជន ចំនួន 1 (របស់ជនរងគ្រោះ), ប័ណ្ណ ប.ស.ស ចំនួន 1 (របស់ជនរងគ្រោះ), ប័ណ្ណបើកបរ ចំនួន 1 (របស់ជនរងគ្រោះ), កាតចាក់វ៉ាក់សាំង ចំនួន 1 (របស់ជនរងគ្រោះ), លិខិតឆ្លងដែន ចំនួន 1ក្បាល។
ករណីនេះកម្លាំងជំនាញ នៃការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងសាកសួរបន្តតាមនីតិវិធី៕