ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

អាជ្ញាធរអំពាវនាវទទូចដល់ពលរដ្ឋជួយជាភ្នែកជាច្រមុះត្រូវហ៊ានរាយការណ៍មកសមត្ថកិច្ច ចំពោះជនណាទន្ទ្រានយកដីតំបន់បី

ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋត្រូវហ៊ានរាយការណ៍មកសមត្ថកិច្ច ចំពោះជនណាហ៊ានទន្ទ្រានយកដីតំបន់បី ដែលត្រូវបានកាត់ឆ្វៀលរួចហើយ នេះបើតាមលោក សុខ ហៃ អភិបាលរងខេត្តកំពង់ធំ ដែលបានមានប្រសាសន៍យ៉ាងដូច្នេះកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងអំឡុងពេលដឹកនាំមន្ត្រីក្រោមឱវាទ ចុះជួបប្រជាពលរដ្ឋ ស្ថិតនៅទីតាំងដីតំបន់ខ្ទមរាយ ក្នុងភូមិខ្សាច់ជីរស់ ឃុំកំពង់គោ (នៅខាងជើងស្ទឹង) ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ក្នុងពេលនោះ លោក និងក្រុមការងារ បានចុះពិនិត្យ និងបោះបង្គោលទីតាំងដីតំបន់៣ ដែលសម្តេចតេជោ ប្រកាសឆ្វៀលជូនប្រជាពលរដ្ឋតាមលិខិតលេខ ៣៩៣ ស.ជ.ណ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រីរួចហើយនោះ ចំពោះជនណាដែលហ៊ានមកទន្ទ្រានដីតំបន់បី ក្រៅពីបានប្រកាសឆ្វៀលឲ្យនេះ ពលរដ្ឋត្រូវប្តឹងទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីមានវិធានការចំពោះអ្នកប្រព្រឹត្តិបទល្មើស។

ហើយក្រោយពីការកាត់ឆ្វៀលរួច ប្រជាពលរដ្ឋមានសិទ្ធិអាស្រ័យផល និងធ្វើការទិញលក់បានដោយស្របច្បាប់ ចំពោះអ្នកដែលមានព្រំដីជាប់ជាមួយនឹងដីរបស់រដ្ឋ ត្រូវរួមគ្នាដាំដើមឈើឡើងវិញ ហាមកា.ប់ភ្ជួររាស់ពង្រីកបន្ថែមទៀតជាដាច់ខាត និងចូលរួមការពារមិនឲ្យអ្នកណាផ្សេងមកអាស្រ័យផលឡើយ ។

ចំពោះការដាំបង្គោលបោះបង្គោលព្រំ ត្រូវបោះឲ្យបានជាប់ ហើយក៏មិនមែនបង្គោលចេះដើរនោះដែរ ក្រុមការងារនឹងធ្វើការត្រួតពិនិត្យមើលបង្គោលព្រំរៀងរាល់ប្រាំមួយខែម្តង ដោយមាននិយាមការណ៍កំណត់ច្បាស់លាស់ ប្រសិនបើក្រុមការងារពិនិត្យរកឃើញថា បងប្អូនណាមានការបង្ខិតបង្គោលព្រំ បងប្អូននោះនឹងត្រូវទទួខុសត្រូវចំពោះមុខច្បាប់ ។

ចុងក្រោយ លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួមបោះបង្គោលព្រំឲ្យបានឆាប់ និងរួមគ្នាថែរក្សាការពារដាំដើមឈើឡើងវិញ សម្រាប់កូនចៅរបស់យើងជំនាន់ក្រោយ ។

គួរបញ្ជាក់ថា ដីតំបន់បី នៅស្រុកកំពង់ស្វាយ ដែលត្រូវកាត់ឆ្វៀលជូនប្រជាពរដ្ឋមានចំនួន៤,០៧៣ ហិចតា ស្មើនឹង៩៤០ក្បាលដី នៅក្នុងប្រជាពលរដ្ឋចំនួន៨៦០គ្រួសារ ដោយឡែកឃុំកំពង់គោ មានចំនួន២,៨២៧ហិកតា ។

ពិធីនេះ ប្រព្រឹត្តទៅក្រោមការសប្បាយរីករាយពីពលរដ្ឋ ប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការសម្រេចដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ដែលលោកបានដឹងពីសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន៕

Picture
Picture
Picture
Picture
nmr